ក្រុមឈ្មួញដឹកឈើល្មើសច្បាប់បានអះអាងថា គ្មានអ្នកណាហ៊ានចាប់ឈើលោកចាន់ ម៉េងហាំង(ហៅចាន់) ដែលអណ្តែងក្នុងក្រុងក្រចេះ ឡើយ
ក្រចេះ ៖ ក្រុមឈ្មួញដឹកឈើតាមរម៉ក ឡាន ទូកតូច ធំ បានអួតអាងក្តែងៗថា លើទឹកដីភូមិសាស្រ្តខេត្តក្រចេះ គ្មាននណាហ៊ានចេញមកចាប់ឈើដែលកាងដោយលោក ចាន់ ម៉េងហាំង ហៅចាន់ អណ្តែងដូន ស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ នោះឡើយ ដោយសារតែលោក ចាន់ មានអំណាច និងមានជំនាញច្បាស់លាស់ក្នុងការដឹកឈើល្មើសច្បាប់គ្រប់រូបភាពទាំងផ្លូវទឹក និងផ្លូវគោកតែម្តង។
ជាក់ស្តែងណាស់ ព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ កុំតែមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត គឺបញ្ជាអោយចុះចាប់ខានតែបានលើទូកកាណូតដឹកឈើដែលក្រុមកម្មករអះអាងថា ជារបស់មេឈ្មួញឈ្មោះលោក ចាន់ ដែលតែងតែធ្វើសកម្មភាពរកសុីដឹកជញ្ជូនជារៀងរាល់យប់តាមផ្លូវទឹក ប៉ុន្តែចៃដន្យយប់ថ្ងៃទី២៩នោះ ទូកដឹក និងផ្យៀងឈើអារខ្នាតយក្សមួយនេះត្រូវបានគឿងជាប់ថ្មនៅក្បែរអន្លង់ផ្សោតកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនអ្នកសាពត៏មានចុះថតផ្តិតរូបភាព និងរាយការណ៍បន្តជូនលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងជំនាញរដ្ឋបាលព្រៃឈើដើម្បីចុះចាប់បង្ក្រាបតែម្តង។
សូមបញ្ជាក់ថា ការចុះបង្ក្រាបទូកដឹកឈើខ្នាតយក្សមួយគ្រឿង នៅកណ្ដាលទន្លេមេគង្គ ស្ថិតនៅចំណុចរមណីដ្ឋានអន្លង់ផ្សោតកាំពី ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ គឺខាងសមត្ថកិច្ចជំនាញហាក់ស្ពឹកស្រពន់ពន្យាពេលវេលាយ៉ាងយូរ ឬមួយចំថ្ងៃអាទិត្យ ទើបទុកពេលអោយក្រុមឈ្មួញជម្លៀសឈើចេញពីទីតាំងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋដែលមានទីលំនៅតាមដងទន្លេ និងក្រុមការងារចុះផ្តិតរូបភាពផ្ទាល់។
ប្រភពពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន កំពុងរង់ចាំមើល តើមានអ្នកខ្លះអះអាងថាគ្មាននណាហ៊ានក្អក និងហ៊ានចាប់ឈើលោក ចាន់ នេះបានបន្តទៀតអត់ ជាមួយនឹងកណ្តាប់ដៃដែករបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អោយតែដឹងគឺ ចាប់ បង្ក្រាបមិនយល់មុខឡើយក្នុងនាមគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។