កម្ពុជា-ទីម័រឡេស្តេ ឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍
ភ្នំពេញ៖ កម្ពុជា-ទីម័រឡេស្តេ បានបង្ហាញគោលបំណងស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងនោះភាគីកម្ពុជាក៏បានជំរុញឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ខណៈអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខា។
ការបង្ហាញគោលបំណង និងការលើកសំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នៅទីស្ដីការក្រសួងទេសចរណ៍។
លោកឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ។ នៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់ឯកឧត្ដមដែរ ដែលតែងតែចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើរដ្ឋាភិបាលទីម័រឡេស្តេ តាមរយៈលោកឯកអគ្គរដ្ឋទូត Kupa សូមឱ្យភាគីទីម័រឡេស្តេ ពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ទីម័រឡេស្តេ ដែលបានផ្ដួចផ្ដើមធ្វើជាច្រើនយូរមកហើយ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។