អាជ្ញាធរ​ជាតិ​អប្សរា បើកទ្វារ​ដំណើរការ​សារមន្ទីរ​ទាំង​៣​ឡើងវិញ

​ខេត្តសៀមរាប​៖ ចាប់ពី​ថ្ងៃទី​២ ខែមិថុនា តទៅ សារមន្ទីរ​ទាំង​៣​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ផ្តើម​បើកទ្វារ​ស្វាគមន៍​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​ឡើងវិញ បន្ទាប់ពី​បិទទ្វារ​មួយរយៈ​អំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ ការបើកទ្វារ​ឡើងវិញ​នេះ គឺមាន​ការគិតគូរ​ខ្ពស់​ពី​សុវត្ថិភាព​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មក​ទស្សនា​។​

​លោក សេង សុធា​រ៉ា អនុប្រធាន​នាយក​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា សារមន្ទីរ​ទាំង​៣​មាន​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​, សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី និង​សារមន្ទីរ​កុលាលភាជន៍​ឡ​តានី បាន​បំពាក់​ឧបករណ៍​វាស់​កម្ដៅ ទឹក​អាល់កុល សម្រាប់​ត្រួតពិនិត្យ និង​ការគិតគូរ​ពី​សុវត្ថិភាព​មិនឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ លោក​បន្ថែមថា ភ្ញៀវទេសចរ​ទាំងអស់​នឹង​តម្រូវឱ្យ​ស្ថិតនៅ​ចំណុច​គំលាត​២​ម៉ែត្រ​ពីគ្នា ប្រសិនបើ​ការ​ទស្សនា​នោះ​មាន​ចំនួន​ច្រើន អំឡុងពេល​ចូល​ទស្សនា​ក្នុង​សារមន្ទីរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ត​ការបើកទ្វារ​ទស្សនា​ដោយ​ឥតគិតថ្លៃ ដើម្បី​អបអរ​ខួប​២៥​ឆ្នាំ ថ្ងៃ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ការប្រកាស​នេះ​ចាប់ផ្តើម​ពី​ដើមខែ មីនា ឆ្នាំ​២០២០ រហូតដល់​ចុងខែ​មករា ឆ្នាំ​២០២១ ក្នុង​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ដ្រ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់​ប្រពៃណី​ដល់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាស្ដ្រ​បានដឹង​ពី​កម្ពុជា​។​

​អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ បាន​អំពាវនាវ​ដល់​សាធារណជន ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ សូម​អញ្ជើញ​មក​ទស្សនា​សារមន្ទីរ​ទាំ​ង​៣​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​សារមន្ទីរ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទទួល​ស្វាគមន៍​ទេសចរ​គ្រប់​ជាតិ​សាសន៍​អំឡុងពេល​មាន​ជំងឺ​កូ​វីដ​១៩​នេះ​។ ការការពារ​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​ទេសចរ និង​បុគ្គលិក​របស់​សារមន្ទីរ ធ្វើយ៉ាងណា​ធានា​ឱ្យបាន​ពី​សុវត្ថិភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​គួរ​បញ្ជាក់ថា សារមន្ទីរ​ព្រះ​ន​រោ​ត្ដម សីហនុ​-​អង្គរ និង​សារមន្ទីរ​កុលាលភាជន៍​ឡ​តានី បើកទ្វារ​ពីថ្ងៃ​អង្គារ ដល់​ថ្ងៃអាទិត្យ ចំណែក​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើកទ្វារ​ពីថ្ងៃ​ពុធ ដល់​ថ្ងៃ​ចន្ទ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close