ក្រសួងបរិស្ថាន សោកស្តាយ​ចំពោះ​ក្រុម​ជន​មួយចំនួន​តូច​ធ្វើជា​អ្នកការពារ​បរិស្ថាន តែ​ជា​លេស​បិទបាំង​រឿង​ទុច្ចរិត​

កោះកុង៖ ​ក្រសួងបរិស្ថាន សូម​សម្តែង​ការសោកស្តាយ​ចំពោះ​ក្រុម​ជន​មួយចំនួន​តូច​ដែល​ចេញមក​សម្តែង ធ្វើជា​អ្នកការពារ​បរិស្ថាន ដោយ​បានធ្វើ​សកម្មភាព​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង ឱ្យ​ដាក់​ជា​តំបន់​ការពារ​។ នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត​ដែល​ស្ថិតក្រោម​ការរៀបចំ​មួយ​ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ​។​

​ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់ថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬ​ការទាមទារ​ណាមួយ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ការពារ​និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ​នេះ ដោយបាន​បញ្ជូន​ក្រុមមន្ត្រី​ជំនាញ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ផ្សេងៗ​ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បី​ដាក់​តំបន់​នេះ ជា​«​ឧទ្យាន​ជាតិ​សមុទ្រ​»​ព្រោះ​តំបន់​នេះ​សម្បូ​ណ៍​ដោយ​សក្តានុពល​ផ្នែក​ធនធានធម្មជាតិ និង​ជីវៈចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់ស្អាត ដែល​ត្រូវការពារ​និង​អភិរក្ស​។ នៅក្នុង​គម្រោង​ផែនការ ក្រសួង បរិស្ថាន​
​រំពឹងថា​នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា​«​ឧទ្យាន​ជាតិ​សមុទ្រ​»​អំឡុង​ឆ្នាំ ២០២១ ខាងមុខនេះ ក្រោយ​ការបញ្ចប់​ការសិក្សា​រួចរាល់​។​

​ក្រសួងបរិស្ថាន សង្ឃឹមថា​ក្រុម​ជន​មួយចំនួន​តូច​នេះ នឹង​យល់ដឹង​កាន់តែច្បាស់ ហើយ​ខិតខំ​រៀនធ្វើការ​រួមគ្នា​ប្រកបដោយ​ភាពស្មោះត្រង់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធាន ធម្មជាតិ ហើយ​ជៀសវាង​ការបង្កើត​ឆាកល្ខោន​សម្តែង​និង​ធ្វើ​អាជីវកម្ម​ដើម្បី​កេងចំណេញ​នយោបាយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close