ឥណ្ឌាផ្តល់វិភាគទាន៥ម៉ឺនដុល្លារដល់សាលាក្តីខ្មែរក្រហម
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហម នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានប្រកាសផ្តល់វិភាគទានជាទឹកប្រាក់ចំនួន ៥០ ០០០ (៥ម៉ឺន) ដុល្លារអាមេរិក ដល់ភាគីជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រូហ្សនហក អនុប្រធានការិយាល័យរដ្ឋបាល នៃ អ.វ.ត.ក. បានមានប្រសាសន៍ថា ក្នុងនាម អ.វ.ត.ក. យើងសូមថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាចំពោះការបន្តគាំទ្រនេះ។
គួរបញ្ជាក់ថា បើគិតទាំងវិភាគទានថ្មីនេះ ជំនួយហិរញ្ញវត្ថុដែលបានផ្តល់ដោយប្រទេសឥណ្ឌា មកដល់ អ.វ.ត.ក. ចាប់តាំងពីតុលាការដំណើរការពីឆ្នាំ២០០៦មក មានសរុបចំនួន ១ ១០០ ០០០ ដុល្លារអាមេរិកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។