អាជ្ញាប្រចាំរដ្ឋមីនីសូតា បទចោទលើមន្ត្រីប៉ូលិសម្នាក់ និងមន្ត្រី៣នាក់ទៀត ពាក់ព័ន្ធការស្លាប់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍
អាមេរិក៖ អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋមីនីសូតា លោក Keith Ellison នឹងបង្កើនបទចោទប្រកាន់លើមន្ត្រីប៉ូលិសម្នាក់ដែលត្រូវបានបញ្ឈប់ពីការងារ គឺលោក ឌែរែក ឆូវីន បន្ទាប់ពីរងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទី២ ពាក់ព័ន្ធនឹងការស្លាប់របស់បុរសអាមេរិកដើមកំណើតអាហ្វ្រិកម្នាក់ គឺលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ អគ្គរដ្ឋអាជ្ញាក៏ប្រកាសពីការចោទប្រកាន់លើមន្ត្រីប៉ូលិសបីនាក់ទៀតរួមមានលោក Thomas Lane លោក J. Alexander Kueng និងលោក Tou Thao ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ពីបទជួយ និងរួមគំនិតក្នុងអំពើឃាតកម្មផងដែរ នេះបើតាមកាសែត Star Tribune ដែលជាកាសែតដ៏ធំជាគេបង្អស់ប្រចាំរដ្ឋមីនីសូតា ។
សូមបញ្ជាក់ថា លោក ចច ហ្វ្លយដ៍ អាយុ៤៦ឆ្នាំបានស្លាប់ បន្ទាប់ពីអតីតមន្ត្រីប៉ូលិសក្រុងមីននាផូលីស លោក ឌែរែក ឆូវីន បានសង្កត់ជង្គង់របស់លោកលើករបស់លោក ហ្វ្លយដ៍ ក្នុងរយៈពេលជាង៨នាទីកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។ ហេតុការណ៍នេះ បង្កឲ្យមានការខឹងសម្បារសារជាថ្មីម្តងទៀត លើអំពើសាហាវឃោរឃៅរបស់ប៉ូលិសលើសហគមន៍ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ដែលជាបញ្ហាដ៏ក្តៅគគុកមួយនៅក្នុងសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។