ជប៉ុន គ្រោងផ្តល់ប្រាក់៣០០លានដុល្លារ ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទទួលបានវ៉ាក់សាំង
ជប៉ុន៖ អង្គការ Gavi, the Vaccine Alliance ដែលត្រូវបានបង្កើតឡើងដោយមូលនិធិ Bill & Melinda Gates Foundation របស់កំពូលមហាសេដ្ឋីអាមេរិក លោក Bill Gates ព្រមទាំងភរិយា នឹងទទួលបានថវិកា៣០០លានដុល្លារពីជប៉ុននៅឆ្នាំ២០២១ ដោយការផ្តល់នេះនឹងធ្វើឡើងសម្រាប់រយៈពេល០៥ឆ្នាំ (២០២១-២០២៥) នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
អង្គការ Vaccine Alliance នេះ តាមរយៈការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ ដូចជា WHO, UNICEF និងធនាគារពិភពលោកជាដើម ក៏ដូចជាតាមរយៈថវិកា ដែលត្រូវបានបរិច្ចាគពីបណ្តាប្រទេសនានា បាននិងកំពុងជួយប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងផ្សេងៗក្នុងតម្លៃធូរថ្លៃ ។
ពាក់ព័ន្ធជំងឺរាតត្បាតជាសកល COVID-19 វិញ អង្គការ Vaccine Alliance ក៏កំពុងផ្តល់ថវិកាទៅកាន់ប្រព័ន្ធសុខាភិបាល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ការពារបុគ្គលិកសុខាភិបាលរបស់ខ្លួន និងទិញឧបករណ៍ធ្វើតេស្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។