ន័រវែស បន្តជួយដល់កម្ពុជា លើវិស័យសកម្មភាពមីនជាង ៥លានដុល្លារ សម្រាប់រយៈពេល៤ឆ្នាំ
ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Zlatko Vezilic ប្រធានគម្រោង Humanitarian Disarmament របស់អង្គការ NPA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មរយៈពេល ០៤ឆ្នាំ នៅកម្ពុជា។
ប្រទេសន័រវែស តាមរយៈអង្គការ NPA នឹងបន្តជួយដល់ការបោសសម្អាតមីននៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជា ជាករណីពិសេសដែលប្រទេសន័រវែស ផ្តោតយកចិត្តទុកដាក់ខ្ពស់ និងបន្តផ្តល់ជំនួយប្រមាណ ៥ លានដុល្លារអាមេរិក បន្ថែមទៀត សម្រាប់ការងារបោសសម្អាតមីនរយៈពេល ៤ឆ្នាំ ខាងមុខ។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវែស ដែលចូលរួមយ៉ាងសកម្មក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមានការផ្តល់ជំនួយបោសសម្អាតមីន ការកសាងសមត្ថភាពថ្នាក់ជាតិ ការគ្រប់គ្រងទិន្នន័យមីន និងចូលរួមជាប្រតិបត្តិករបោសសម្អាតគ្រាប់បែកចង្កោមនៅភូមិភាគឦសាន ផងដែរ។
អង្គការ NPA គឺជាអង្គការដំបូងគេបង្អស់នៅលើពិភពលោក ដែលបានបណ្តុះបណ្តាលសុនខហិតមីន និងបានជួយដល់មជ្ឈមណ្ឌលស៊ីម៉ាក់ លេីការការងារបោសសម្អាតមីនដោយសុនខនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។