តុលាការខ្មែរក្រហមបញ្ជាក់ថា បងធំក្នុងរបបខ្មែរទាំង២រូប មានសម្បទាគ្រប់គ្រាន់អាចចូលរួមសវនាការបាន
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម (ECCC) នៅថ្ងៃនេះបានបញ្ជាក់ថា ជនជាប់ចោទជាមេដឹកនាំក្នុងរបបខ្មែរក្រហមទាំងពីររូប គឺ នួន ជា និង ខៀវ សំផន មានសម្បទាគ្រប់គ្រាន់ អាចចូលរួមក្នុងសវនាការបាន។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការខ្មែរក្រហមបានបញ្ជាក់ថា ខ្លួនបានចាត់តាំងអ្នកជំនាញវេជ្ជសាស្ត្រពីររូបឲ្យពិនិត្យវាយតម្លៃជនជាប់ចោទ នួន ជា និង ខៀវ សំផន ដើម្បីកំណត់ថាតើពួកគាត់នៅតែមានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការក្នុងសំណុំរឿង ០០២/០២ ដែរ ឬ ទេ។
អ្នកជំនាញបានធ្វើការពិនិត្យ នួន ជា និង ខៀវ សំផន នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨។ បន្ទាប់ពីបាន ពិនិត្យរបាយការណ៍វេជ្ជសាស្ត្ររួច អង្គជំនុំជម្រះសាលាដំបូងបានចេញសេចក្តីសម្រេចដោយបញ្ជាក់ថា ជនជាប់ចោទទាំងពីរនៅតែមានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ និងពុំមានការចុះខ្សោយផ្នែកបញ្ញា ស្មារតី ឬ រាងកាយ ដែលរារាំងមិនឱ្យពួកគាត់បន្តចូលរួមដំណើរការសវនាការនៃសំណុំរឿង ០០២/០២ នេះ ឡើយ។
សូមបញ្ជាក់ថា នួន ជា និងខៀវ សំផន ត្រូវបានចោទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ដែលត្រូវបានកំណត់ថាជាសំណុំរឿង ០០២ នៅចំពោះមុខ អ.វ.ត.ក។ បទចោទនានាប្រឆាំងនឹងជនជាប់ចោទទាំងនេះ ត្រូវបានបញ្ជាក់លំអិតនៅក្នុងដីកាដំណោះស្រាយនៃសំណុំរឿង ០០២ ។ ដោយសារតែ អៀង ធីរិទ្ធ ត្រូវបានរកឃើញថា ពុំមានសម្បទាអាចចូលរួមក្នុងសវនាការបាន ហើយ អៀង សារី បានស្លាប់នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ នោះចុងចោទដែលនៅសេសសល់ក្នុងសំណុំរឿង ០០២ គឺមានតែ ខៀវ សំផន និង នួន ជា ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។