៥ខែ ដើមឆ្នាំនេះ! កម្ពុជា នាំចេញពោតក្រហមបានជាង៣.៥ម៉ឺនតោន
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញពោតក្រហមរបស់កម្ពុជា មានចំនួន ៣៥,៦៣៦តោន ថយចុះប្រមាណ១៥,០៤៣តោន ស្មើរនឹងជិត៣០ភាគរយ។
បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការធ្លាក់ចុះការនាំចេញនេះ ជាសញ្ញាល្អការជំរុញការកែច្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក។
ឯកឧត្តម បានឲ្យដឹងថា «ជាក់ស្តែងនៅឆ្នាំ២០១៨ កម្ពុជា សម្រេចបានការនាំចេញពោត ក្រហមបាន ២០៤,១៨៤តោន, នៅឆ្នាំ២០១៩ សម្រេចបានត្រឹមតែ១១៩ ,៩៩៣តោន ហើយជាពិសេសការនាំចេញពោតក្រហម របស់កម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ សម្រេចបានត្រឹមតែ៣៥,៦៣៦តោន ថយចុះប្រមាណ១៥,០៤៣តោនស្មើនឹង-២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន៥០,៦៧៩តោន»។
ឯកឧត្តម បានបន្ថែមថា ទន្ទឹមនឹងនេះការផលិតពោតក្រហម របស់កសិករកម្ពុជាកើនឡើងជាលំដាប់ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ សម្រេចបាន១,១១៤,៩៥៦តោនក្នុងឆ្នាំ២០១៩, សម្រេចបាន១,០៦៣,៦៧៧តោនក្នុងឆ្នាំ២០១៨, សម្រេចបាន៥៩៦,១១២តោននៅឆ្នាំ២០១៧ និងសម្រេចបាន៣៣៣,០៥៨តោននៅឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។