រាជរដ្ឋាភិបាលសម្រេចផ្អាកការដឹកជញ្ជូនឈើចេញពីតំបន់ស្តារអាងខេត្តស្ទឹងត្រែង
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតមួយពីទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវការដឹកជញ្ជូនឈើចេញពីតំបន់ស្តារអាង នៃការដ្ឋានវារីអគ្គិសនីសេសានក្រោម២ រហូតដល់បោះឆ្នោតរួច។
លិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចយល់ប្រមផ្អាកជាបណ្តោះអាសន្ន នូវការចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ ពីការសម្អាតអាងស្តុកទឹកគម្រោងវារីអគ្គិសនីសេសានក្រោម២ និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច រហូតដល់ក្រោយការបោះឆ្នោតសាកលខាងមុខ។
ការយល់ព្រមនេះ គឺធ្វើឡើងក្រោយពីក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែកុម្ភៈ បានផ្ញើលិខិតមួយច្បាប់ទៅកាន់រាជរដ្ឋាភិបាល ហើយក៏ទទួលបានចំណារឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។