សកម្មភាពប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងទៀត នៅខេត្ដឧត្ដរមានជ័យ
ខេត្ដឧត្ដរមានជ័យ៖ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានចុះពិនិត្យមើលសកម្មភាពប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងទៀត ដូចជា ផ្កាចាហួយក្បុក និងទំពាំងឫស្សី ជាដើម របស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។
តាមរយៈការជួបសំណេះសំណាលផ្ទាល់ ក៏ដូចជាការសង្កេតផងនោះ ឃើញថាប្រជាពលរដ្ឋមានអារម្មណ៍រីករាយ នឹងការរកអនុផលព្រៃឈើផ្សេងៗ ជាពិសេសគឺការរកផ្សិតប៉ក់ នារដូវភ្លៀងធ្លាក់នេះ។
ដោយឡែក នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំដែក និងស្នាក់ការភ្នំអណ្ដូង នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានចុះល្បាតចាប់ពីផ្លូវសន្លុង រហូតដល់ចំណុចឡស្លដែក ដោយបានចាំឃ្លាំមើលសកម្មភាពល្មើសដែលអាចកើតឡើងនៅពេលយប់ រហូតដល់ព្រឹកឡើង ទើបធ្វើការល្បាតបន្ត ជួបករណីទនទ្ទ្រានដីធ្វើកម្មសិទ្ធិ១កន្លែង ពេលនោះក្រុមការងារបានធ្វើកិច្ចសន្យាជាមួយជនសង្ស័យឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត មុនវិលត្រឡប់បានវិលត្រឡប់មកស្នាក់ការវិញ។
ចំណែកឯមន្ត្រីឧទ្យានុរក្សមួយក្រុមទៀត ក៏បានចុះល្បាតផងដែរ ចាប់ពីចំណុចស្នាក់ការភ្នំអណ្ដូង រហូតដល់ចំណុចជើងភ្នំក្រោល ដោយនៅពេលកំពុងល្បាត បានប្រទះឃើញដានជើងសត្វទន្សោង និងសត្វប្រើស មុនល្បាតដល់ចំណុចចុងប្រឡាយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។