ចិន ផ្តល់​ទឹក​ថ្នាំ​សម្លាប់​មេរោគ ១០០កាន និង​សម្ភារ​ការពារ​ជម្ងឺ​កូ​វីដ​១៩ ដល់​អាជ្ញាធរ​មីន​

​អាជ្ញាធរ​មីន កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ប្រធាន​សមាគម​ជួយសង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា អគ្គលេខាធិការ​សមាគម​អ្នកវិនិយោគ​អន្តរ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន និង​ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន ស្តីអំពី​កិច្ចសហប្រតិបត្តិការ និង​ការទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា​។

​ក្នុងឱកាស​នោះដែរ សមាគម​ទាំងបី​បានប្រគល់​ជូន​នូវ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ចំនួន​១០០​កាន (​មួយ​កាន​៣០​លីត្រ​) និង​សម្ភារ​មួយចំនួនទៀត​ដើម្បី​ចូលរួម​ការពារ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ផងដែរ​។​

​ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​ចូលរួម​យ៉ាងសកម្ម​លើ​គ្រប់​វិស័យ ពិសេស​ការចូលរួម​បង្ការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩ ដើម្បី​ជួយ​ដល់​អាយុជីវិត និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​លើ​ការជួយ​សង្គ្រោះ​ជន​គ្រោះថ្នាក់​ដោយសារ​មីន​នាពេល​អនាគត​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close