ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ដែនជម្រកសត្វព្រៃ នៅ​ខេត្តព្រះវិហារ និង​តំបន់​ខាងជើង​បឹង​ទន្លេសាប​

​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង បរិស្ថាន​កំពុង​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន បាន​ចុះទៅ​ទស្សនា​ដែន​ជម្រក សត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ និង​តំបន់​អភិរក្ស​សត្វ​ខ្សឹប ក្នុងស្រុក​ស្ទោង ខេត្ដ​កំពង់ធំ​។​

​ក្នុងកំឡុងពេល​ទស្សន​កិច្ច​រយៈពេល​ថ្ងៃ គឺ​ពី​ថ្ងៃទី​៩-១០​មិថុនា នៅ​ខេត្តព្រះវិហារ គណៈប្រតិភូ​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​ផលិតកម្ម​ស្រូវ​សរីរាង្គ​មិ​តុ្ត​ភាព​សត្វព្រៃ សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ និង​ការ​អភិ រក្ស​សត្វ​ស្លាប​ធំៗ​ដែល​ជិត​ផុត​ពូជ​បំផុត រួមទាំង​បក្សី ជាតិ​របស់​កម្ពុជា​គឺ​សត្វ​ត្រយង​យក្ស នៅក្នុង​តំបន់​ការពារ ធម្មជាតិ ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។

​នៅ​ខេត្ដ​កំពង់ធំ គណៈប្រតិភូ​នឹងសិក្សា​ស្វែងយល់​អំពី​គម្រោង​អភិរក្ស សត្វ​ខ្សឹប និង​ពិភាក្សា​រក​វិធីសាស្ត្រ​ថា​តើ​ការងារ​កសិកម្ម និង​ការងារ​អភិរក្ស​អាចអនុវត្ត​រួមគ្នា​បាន​យ៉ាងដូច ម្តេច​។ សកម្មភាព​ទាំងនេះ​កំពុង​ត្រូវបាន​អនុវត្ត​រួមគ្នា​ដោយ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) និង​គម្រោង USAID ព្រៃ​ឡង់​បៃតង (USAID GPL) សហការ​ជាមួយ​ក្រសួង បរិស្ថាន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ការផ្តល់​ជំនួយ​បន្ថែម ដោយ​គម្រោង​USAID ព្រៃ​ឡង់​បៃតង ដល់​អង្គការ​សន្សំ​ម្លប់​ព្រៃ (SMP) ដែលជា​អង្គការ​កសិកម្ម​ក្នុងស្រុក​មួយ​ធ្វើ​ការងារ​ផ្នែក​ការពារ​បរិស្ថាន និង​សត្វព្រៃ​តាមរយៈ​ការជំរុញ​វិស័យ​កសិកម្ម​បែប​ជួយ​ការពារ​សត្វព្រៃ​នៅក្នុង​សហគមន៍​ដែល​រស់នៅក្នុង​និង​ជុំវិញ​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​។​

​សូមជម្រាបថា គម្រោង USAID ព្រៃ​ឡង់​បៃតង​​គម្រោង USAID ព្រៃ​ឡង់​បៃតង​លើកកម្ពស់​ការអភិវឌ្ឍ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការគ្រប់គ្រង ប្រកបដោយ​និរន្ត​ភាព​នៃ​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​តាមរយៈ​ការផ្តោត​លើ​សហគមន៍ ការអភិរក្ស និង​អភិបាលកិច្ច​។ គម្រោង USAID ព្រៃ​ឡង់​បៃតង (USAID GPL) មាន​រយះពេល ៥​ឆ្នាំ និង​ទទួលបាន មូលនិធិ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close