ថៃ បើក​ឆ្នេរ​នៅ​ភូ​កេ​ត​ឡើងវិញ​ហើយ

​ប្រទេស​ថៃ​៖ បណ្តា​ឆ្នេរសមុទ្រ​នានា​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​ហើយ នៅក្នុង​ខេត្ត​ជា​កោះ ស្ថិតក្នុង​ភាគខាងត្បូង​ប្រទេសមួយ​នេះ កាលពី​ថ្ងៃទី​៩ មិថុនា ២០២០ ហើយ​សណ្ឋាគារ​ទំនងជា​នឹង​បន្ត​សេវាកម្ម​វិញ ជាមួយនឹង​ការដាក់ចេញ​វិធានការ​គ្រប់គ្រង​ជំងឺ​រាតត្បាត នា​ខែក្រោយ នេះ​បើតាម​អភិបាលខេត្ត​ភូ​កេ​ត​។​

​អភិបាលខេត្ត Supoj Rodruang na Nongkhai បានបញ្ជាក់​ពី​ការបើក​ដំណើរការ​ឆ្នេរ​នេះ ប៉ុន្តែ​លោក​ស្នើ​ដល់​អ្នក​គ្រប់គ្នា​រក្សា​ស្តង់ដា​គ្រប់គ្រង​ជំងឺ រួមមាន​ទាំង​គម្លាត​សង្គម ហើយ​ត្រូវ​ធានាថា ឆ្នេរ បង្គន់ និង​ទីកន្លែង​ផ្សេងៗ​ទៀត មាន​អនាម័យ​ស្អាត​។​
​លោក​បន្ថែមទៀតថា « អាជ្ញាធរខេត្ត​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ភូ​កេ​ត សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។ វិបត្តិ​នេះ​គឺជា​វិបត្តិ​ដ៏​ធំ លំដាប់​ទី​២ បន្ទាប់ពី​ស៊ូណាមិ​» ដោយ​លោក​ចង់​សំដៅលើ​រលក​យក្ស​ស៊ូណាមិ កាលពី​ឆ្នាំ​២០០៤​។​

​អភិបាលខេត្ត​រូបនេះ​បន្ថែមទៀតថា បណ្តា​សណ្ឋាគារ​ក្នុង​ខេត្ត​ភូ​កេ​ត​បាន​កែប្រែ​របៀបរបប​ថ្មី ក្នុងការ​ប្រុងប្រៀប​ដំណើរការ​ឡើងវិញ ប្រហែល​ខែក្រោយ​នេះ​។​

​គួរ​បញ្ជាក់ថា ភូ​កេ​ត​មិនមាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ រយៈពេល​១៦​ថ្ងៃ​មកហើយ ខណៈដែល​ខេត្ត​មួយ​នេះ​មាន​២២៧​ករណី នៃ​អ្នកជំងឺ​សរុប ក្នុងនោះ មាន​៣​នាក់​បាន​ស្លាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close