ទឹកធ្លាក់​អូរ​ជាំ សណ្ដោង​ទេសភាព​ធម្មជាតិ​អណ្ដែត​ប៉ះ​ចិត្ត​អ្នកទេសចរ​

​ខេត្តបាត់ដំបង​៖ ខេត្តបាត់ដំបង ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជង្រុក​វប្បធម៌​បេតិកភណ្ឌ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ប្រាសាទបុរាណ វត្ត​អារាម សំណង់​ស្ថាបត្យកម្ម​សម័យ​អាណានិគម គិរី​ប​ព៌​ត​ល្បីៗ​ជាច្រើន​នៅ​ខេត្ត​នេះ បាន​ផ្ដល់នូវ​សក្ដានុពល​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍​។​

​ម្យ៉ាងវិញទៀត ទឹកដី​ធម្មជាតិ​បៃតង​នា​ភាគ​ខាងលិច​មួយ​នេះ ក៏​សម្បូរ​ទៅដោយ​សហគមន៍​អេកូ​ទេសចរណ៍​ដ៏​សម្បូរបែប​ផងដែរ ក្នុងនោះ​ក៏មាន​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ដែល​កំពុង​ចូលរួម​ទាក់ទាញ​អន្ទង​ចិត្ត​របស់​ភ្ញៀវទេសចរ​គួរឱ្យកត់សម្គាល់​។​

​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​នេះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​។​

​ស្ថិត​តាម​ជ្រលង​ភ្នំ​តូចធំ​ដេរដាស​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ទឹកធ្លាក់​អូរ​ជាំ​បាន​បង្កប់ខ្លួន​សណ្ដូក​កាយ​ក្រោម​ម្លប់​ព្រឹក្សា បង្កើត​រឿងព្រេង​ដិត​ជាប់​អនុស្សាវរីយ៍​។ ហូរ​ធ្លាក់​ពី​នាយ​កំពូល​បុព្វ​តា ទឹកធ្លាក់​ដ៏​វែង​អន្លាយ​នេះ​បាន​ផ្ដល់នូវ​ទេសភាព​ត្រជាក់​ភ្នែក នែបនិត្យ​ក្បែរ​វិមាន​រុក្ខ​គិរី​បៃតង​ដ៏​ស្រស់ត្រកាល​។ នេះហើយ​ជា​សមិទ្ធផល​ធនធាន​ធាន​ធម្មជាតិ ដែល​ប្រជា​សហគមន៍​ខិតខំ​ការពារ​អភិរក្ស​កន្លងមក​។​

​ដើរ​សសៀ​តាម​ជ្រលង​សិលា​ពី​ផ្នែក​ខាងក្រោម​ដល់​ផ្នែក​ខាងលើ ភ្ញៀវទេសចរ​នឹង​បាន​គយគន់​បុប្ផា​ផ្កា​ព្រៃ​រីក​ស្រស់បំព្រង​ល្អ​គាប់​ភ្នែក ក្រអូប​ឈ្ងុយ​ឈ្ងប់​ពេញ​ឃា​និ​ន្ទ្រិ​យារ​ម្មណ៍​។ ជញ្ជាំង​ថ្ម​ធំៗ​បញ្ឈរ​អម​សងខាង​អូរ រឹតតែ​ធ្វើឱ្យ​ភ្ញៀវ​ដាក់​ការសង្ស័យថា ទឹកធ្លាក់​អូរ​ជាំ​នេះ​ហាក់ដូច​មាន​គេ​ចាំង​ថ្ម​កែច្នៃ ឬ​យកទៅ​ធ្វើ​អ្វីមួយ​កាលពី​សម័យមុន​។ តែ​មិន​ដូច្នោះ​ទេ ថ្វី​ដ្បិត​ជំរុំ​សហគមន៍​នៅ​តំបន់​នេះ គឺ​កើតឡើង​ពី​ធម្មជាតិ​សុទ្ធសាធ គ្មាន​កម្លាំង​ណា​មក​ចាំង​កែច្នៃ​ថ្ម​ទាំងមូល​នោះឡើយ​។​

​លោត​លេង​សប្បាយ​ប្រឡែង​នឹង​ទឹកធ្លាក់​ដ៏​សែន​ត្រជាក់​ដិត​ជាប់​ឱរា ភ្ញៀវទេសចរ​នឹង​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ​ជាក់​ជាមិនខាន​។ ឡើងទៅ​ផ្នែក​ខាងលើ​បន្តទៀត ភ្ញៀវទេសចរ​នឹង​បានឃើញ​នូវ​អ្វីដែល​គេ​ហៅថា «​វិមាន​ទេសចរណ៍ធម្មជាតិ​ដ៏​សែន​រមណីយ​» ស្ថិតនៅ​ពិតៗ​លើ​ផែន​ពសុធា​។ ទឹកធ្លាក់​អូរ​ជាំ​ពិត​ជាមាន​ផលិតផល​អេកូ​ទេសចរណ៍​ដ៏​ច្រើន​សម្បូរបែប ហើយ​មិន​ខកបំណង​ទេ​នៅពេលដែល​អ្នក​មក​ទស្ស​នា​នៅ​កន្លែង​នេះ​​។

​បើតាម​លោក គឹម សុង ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ បានឱ្យដឹងថា នៅ​ឆ្នាំ​២០០៨ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​ល្ពៅ​បាន​បង្កើតជា​សហគមន៍​ការពារ​ព្រៃឈើ​មួយ ក្រោម​ចំណុះ​ក្រសួងបរិស្ថាន​។ ដោយ​មើលឃើញ​ពី​សក្ដានុពល​អេកូ​ទេសចរណ៍​នៅក្នុង​តំបន់ និង​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​ក្រសួង និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ផង​នោះ ទើប​នៅ​ឆ្នាំ​២០១៦ សហគមន៍​ក៏បាន​បញ្ចូល​បន្ថែម​នូវ​សេវាកម្ម​ទេសចរណ៍​រហូត​ដល់ពេល​បច្ចុប្បន្ន​។​

​លោក គឹម សុង បាន​បន្តថា ក្រៅពី​ទស្សនា​ទឹកធ្លាក់​នៅក្នុង​ព្រៃ​សហគមន៍ ភ្ញៀវទេសចរ​ក៏​អាច​ដើរ​ទស្សនា​ក្នុងព្រៃ ឬ​បោះតង់​កម្សាន្ត​នៅពេល​រាត្រី​បានដែរ ដោយ​សហគមន៍​នឹងមាន​ទទួល​រៀបចំ​បាន​គ្រប់ពេល​។ ក្រៅពីនេះ ភ្ញៀវទេសចរ​អាច​ដើរ​ទស្សនា​ចម្ការ​ដំណាំ និង​ភ្លក្ស​ផ្លែឈើ​របស់​ប្រជាពលរដ្ឋ ហើយ​មាន​សេវាកម្ម​ផ្ទះ​ស្នាក់ និង​សេវាកម្ម​ម្ហូបអាហារ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close