កាំកុងត្រូលប្រកាសហាមលក់ និងចែកចាយផលិតផលម្សៅធ្វើនំ ពីប្រទេសបារាំងដែលរកឃើញមានជាតិពុល
ផលិតផលម្សៅសម្រាប់ធ្វើម្ហូបអាហារ ឬនំ (buckwheat flour) ផលិតនៅប្រទេសបារាំង ដែលមានម៉ាកយីហោ Natur’Avenir ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ចេញប្រកាសហាមឃាត់ការលក់ និងចែកចាយ ក្រោយពីគេបានរកឃើញសារធាតុ Tropane alkaloids ដែលមានប្រភពពីរុក្ខជាតិពុល Datura នៅក្នុងនោះ។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា Buckwheat និងផលិតផលម្សៅ Buckwheat flour ប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិត ម្ហូបអាហារដូចជា គុយទាវ មី នំ នំបុ័ង ស្រា ស្រាបៀ និងភេសជ្ជៈ។ល។ ការទទួលទាន ផលិតផលម្ហូបអាហារដែលមានចម្លងចូលសារធាតុខាងលើនេះ នឹងបណ្តាលឲ្យប៉ះពាល់ដល់សរីរាង្គថ្លើម ឈាម និងប្រព័ន្ឋសរសៃប្រសាទ។ ក្នុងករណីធ្ងន់ធ្ងរ នឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។
ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូលបាននិងកំពុងចាត់វិធានការរាំងខ្ទប់មិនឲ្យនាំចូលផលិតផល និងផ្តល់ព័ត៌មាន ដល់ក្រុមហ៊ុននាំចូលអាជីវករលក់ដុំ និងរាយនៅលើទីផ្សារកម្ពុជា។ ក្នុងករណីមាននាំចូល និងចរាចរលើ ទីផ្សារនិងត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គ នាយកដ្ឋានកាំកុងត្រូលសូមអំពាវនាវដល់សាធារណ ជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូច បានជំរាបជូនខាងលើ និងសូមជួយសហការផ្តល់ ព័ត៌មានដល់មន្ត្រីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជា ពលរដ្ឋបានជួបប្រទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។