អភិបាលខេត្តខេត្តតាកែវ អំពាវនាវដល់ពលរដ្ឋ កុំឲ្យមានការធ្វេសប្រហែស ចំពោះរលកទី២ នៃជំងឺកូវីដ១៩
ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានធ្វើការអំពាវនាវម្តងហើយម្តងទៀតឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះរលកទី២នៃការរីករាលដាលជំងឺកូវីដ១៩ ព្រោះបច្ចុប្បន្ននេះជម្ងឺដ៏កាចសាហាវមួយនេះ កំពុងតែកើនឡើងជាលំដាប់នៅទូទាំងសកលលោក ពោលគឺជាង៧លាននាក់ ដែលបានឆ្លងកូវីត១៩ ។
មានប្រសាសន៍នៅក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត៨០គ្រួសារដោយសារកូវីត១៩ ក្នុងជុំទី២របស់រដ្ឋបាលខេត្ត នៅក្នុងស្រុកបូរីជលសារ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពជម្ងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជារបស់យើងមានលក្ខណៈស្ងប់ស្ងាត់បន្តិចក្តី ហើយព្យាបាលជាសះស្បើយចំនួន១២៤នាក់ នឹង២នាក់បន្តព្យាបាលក៏ពិតមែន ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសឲ្យសោះ ពោលត្រូវបន្តអនុវត្តន៍ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះចូលមកក្នុងសហគមន៍របស់បងប្អូន ព្រោះវិធានទម្លាប់អនាម័យនេះវាល្អសម្រាប់ការពារកូវីត១៩ ដោយពិភពលោកមិនទាន់រកថ្នាំឬវ៉ាក់សាំងការពារនឹងជម្ងឺកូវីត១៩នេះឃើញទេ។
ឯកឧត្តម អ៊ូចភា បានបន្ថែមទៀតថា ពាក់ព័ន្ធទៅនិងវិធីបង្កា ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់បងប្អូនឲ្យបានយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវដង្ហើមមួយនេះ ឆ្លងចូលមកសហគមន៍របស់បងប្អូន ដែលនិងនាំឲ្យមានផលវិបាកជាច្រើនចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។