ក្រសួងសុខាភិបាល ច្រានចោល​ករណី​ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ ឆ្លង​ជំងឺ​កូ​វីដ​១៩ ចេញពី​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​សេចក្តីថ្លែងការណ៍ ដោយ​ច្រានចោល​ចំពោះ​ករណី​ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ មាន​ជំងឺ​កូ​វីដ​១៩ ចេញពី​ប្រទេស​កម្ពុជា​។

​បើតាម​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា បន្ទាប់ពី​វេ​ប​សាយ​វៀតណាម​ឈ្មោះ លុយ​អាត​វៀតណាម (luatvetnam.vn) បាន​ផ្សព្វផ្សាយ​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់ អាយុ​១៨​ឆ្នាំ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពេល​ចេញពី​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន ថុង​ហ្វើ​ក (Thuong Phuon) កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ហើយ​ពេលនេះ​កំពុង​ព្យាបាល​នៅ មណ្ឌល​សុខភាព ង្វាន​ហុង​ងី (Huyen Hong Ngu Health Center)​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល ក្រុមការងារ​បស់​ក្រសួងសុខាភិបាល​កម្ពុជា និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ជាពិសេស​ខេត្តព្រៃវែង ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ក៏ប៉ុន្តែ​មិនមាន​បុគ្គល​ជនជាតិ​វៀតណាម​ខាងលើនេះ នៅ​កម្ពុជា ឬ​ចេញ​តាម​ច្រក​ដូច​បានលើកឡើង​ក្នុង​សារព័ត៌មាន​ខាងលើនេះ ចេញទៅ​ប្រទេស​វៀតណាម​នោះដែរ​។​

​ជាមួយគ្នា ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ភាគី​មិត្ត​វៀតណាម សូម​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍​និយ័តកម្ម​អន្តរជាតិ​លើ​ករណី​ជំងឺឆ្លង មុននឹង​ធ្វើការ​សន្និដ្ឋាន ឬ​ចុះផ្សាយ ដែលជា​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​នេះ ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close