ការធ្លាក់ចុះចំនួនសត្វត្មាត នៅកម្ពុជា ដោយសារការបំពុលរបស់មនុស្សខ្លាំងជាងគេ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានចូលរួមបើកការ ជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជា ដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួងបរិស្ថាន។
ការធ្វើជំរឿនរបាយសត្វត្មាតនេះសហការរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងក្រសួងបរិស្ថានត្រូវបានធ្វើនៅក្នុងតំបន់ចំនួន ៥ កន្លែងដែលមានវត្តមានសត្វត្មាតរស់នៅ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការជំរឿនសត្វត្មាតបានធ្វើឡើង នៅចំនួន៥ ទីតាំងផ្សេងគ្នារួមមាន នៅសៀមប៉ាង ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រងក្នុងតំបន់សេសាននៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សត្វត្មាតចំនួន៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្នុងនោះសត្វត្មាតផេះចំនួន ៩ក្បាល ត្មាតភ្លើងចំនួន ៣ ក្បាល និងត្មាតត្មោតចំនួន ២២ក្បាល។ ចំនួននេះមិនទាន់រាប់បញ្ចូលពីលទ្ធផលជម្រើននៅតំបន់ផ្សេងទៀតនៅឡើយទេ។ ការជំរឿនកាលខែធ្នូឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន ៤៤ ក្បាល។
ឯកឧត្តម បន្តថា លទ្ធផលជម្រឿនសត្វត្មាតនៅឆ្នាំ២០១៩ កន្លងទៅបង្ហាញថា កម្ពុជាមានសត្វត្មាតទាំង ៣ប្រភេទ មានចំនួន ១៣៧ ក្បាល ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេ គឺនៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។
សត្វត្មាត ជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។
មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។