ងោកមួយភាំង បើករថយន្តធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង របួសធ្ងន់ស្រាល៣នាក់
ខេត្តពោធិ៍សាត់៖ មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកក្បឿង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លើកំណត់ផ្លូវជាតិលេខ៥ ភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយសារតៃកុងងោកមួយភាំង។
នគរបាលស្រុកបាកាន បានឲ្យដឹងថា រថយន្តដែលបង្កឡើងដោយខ្លួនឯងនេះ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5382 បើកបរដោយឈ្មោះ ម៉ម ណាំ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្វិត ឃុំខ្វិត ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់) និងមានអ្នករួមដំណើរឈ្មោះ រ៉ាត់ នី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) និងឈ្មោះ គិន ពន្លក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (រងរបួសស្រាល)។
ប្រភពថា គេឃើញរថយន្តខាងលើ មានដឹកក្បឿង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ អ្នកបើកបរងងុយដេកមួយភាំង ហើយបានរ៉េចង្កូតក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវពីខាងត្បូង ចាក់គ្បឿងពេញផ្លូវតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដោយឡែកវត្ថុតាងត្រូវបានស្ទូចទៅរក្សាទុក រងចាំការដោះស្រាយនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។