ភ្នំក្រវាញ​ខាងត្បូង ជា​ជម្រក​ធម្មជាតិ​ដ៏​ធំ រួមទាំង​ជីវៈចម្រុះ​សំបូរបែប និង​ក្រឡ មឈូស​បុរាណ​អាយុកាល​រាប់រយឆ្នាំ​

​ភ្នំក្រវាញ​ខាងត្បូង ជា​ជម្រក​ធម្មជាតិ​ដ៏​ធំ​មួយ ដែលមាន​សោ​ភណ្ឌ​ភាពល្អ​ឯក ជីវៈចម្រុះ​សំបូរបែប និង​ក្រឡ មឈូស​បុរាណ អាយុកាល​រាប់រយឆ្នាំ​៖ ​ជា​តំបន់​ដែលមាន​សម្រស់​ធម្មជាតិ​ពិសេស រួមមាន​៖ ១) ទេសភាព សមុទ្រ​ឈើ​(​ព្រៃស្រោង​) និង​ខ្យល់អាកាស​បរិសុទ្ធ ២) មាត់​រណ្តៅ​ភ្នំភ្លើង​ដែល​សណ្ឋាន​ដី​មាន​លក្ខណៈ​ស្តើង​ដូច​ដី​ស្រូប នៅ​បឹង​ម្លុ​ច និង​៣) ទឹកធ្លាក់​ច្រើន​កន្លែង (​ឆាយ​តា​ហ៊ីង ឆាយ​ខ្ពស់ ឆាយ​ជ្រៃ ជាដើម​)​។ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និយម​មក​កំសាន្ត​នៅ​«​ជី​ផាត​» និង​«​ស្ទឹង​អា​រ៉ែ​ង​»​។​

​ជា​ជម្រក​ធម្មជាតិ​នៃ​សត្វព្រៃ​ចំនួន​៥២​ប្រភេទ (​អង្គការ​អាយ​យូ​ស៊ី​អិន ចាត់ថ្នាក់​ជា​ប្រភេទ​រង​ការគំរាមកំហែង​ពី​ការបាត់បង់​នៅលើ​ពិភពលោក​) ដែលមាន​តម្លៃ​លេចធ្លោ​ជា​សាកល សម្រាប់​អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស​។ ស្ទឹង​អា​រ៉ែ​ង​ជា​ជម្រក​ដ៏​ពិសេស​សម្រាប់​សត្វ​ក្រពើ​ភ្នំ និង​ត្រី​នាគ​។​ ​ជាទី​តាំង​បុរាណ​ស្ថាន​(​អាចមាន​រាប់រយ​កន្លែង​) ដែលមាន​ក្រឡ ពាង និង​មឈូស​ដាក់​ធាតុ​មនុស្ស​មាន​អាយុកាល ពី​៤០០ ទៅ ៥០០​ឆ្នាំ​។​

​ស្ទឹង​អា​រែង (​មាន​សត្វ​ក្រពើ​ភ្នំ ត្រី​នាគ និង​ទឹកធ្លាក់​ឆាយ​តា​ហ៊ីង​) និង​តំបន់​ជី​ផាត​(​មាន​ក្រឡ ពាង និង​ម្ឈូស​បុរាណ​)​ស្ថិតនៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​។​

​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ បានចេញ​អនុក្រឹត្យ លេខ​៨៩ អនក្រ​.​បក​សម្រេច​ឱ្យ​ក្រសួងបរិស្ថាន​បង្កើត​«​ឧទ្យាន​ជាតិ​ជួរ​ភ្នំ ក្រវាញ​ខាងត្បូង​» គ្របដណ្តប់​ផ្ទៃដី​បួន​សែន​មួយ​ម៉ឺន បី​រយ​កៅសិប​ពីរ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ សម្រាប់​បម្រើ​ប្រយោជន៍​មនុស្ស​គ្រប់​ជំនាន់​។​

​ជនជាតិដើម​ភាគតិច​«​ជង​»​រស់នៅក្នុង​តំបន់ភ្នំ​ក្រវាញ​មាន​វប្បធម៌​ពិសេស ក្នុងការ​រក្សា​ធាតុ និង​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដូចជា​ពិធី​សែន​អារក្ស​ក្រពើ ដើម្បី​ចាប់​ត្រី​និង​សុំ​សេចក្តីសុខ ពិធី​សែន​ស្រូវ និង​ពិធី​ប្រពៃណី​ច្រើន​ទៀត​។ អង្គការ​សម្ព័ន្ធភាព​ស​ត្វ​ព្រៃ​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​កិច្ចការពារ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​តំបន់​នេះ​៕

​ប្រភព​៖ បេតិកភណ្ឌ​ប្រចាំថ្ងៃ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close