ដំណាំ​ឫស្សី​ផ្អែម អាច​ឲ្យ​គ្រួសារ​មួយ​រក​ចំណូល​ជាង ៩​ពាន់​ដុល្លារ ក្នុង​១​ឆ្នាំ​

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ជាមួយ​ដោយ​សហការី​មកកាន់​ខេត្ត​កំពង់​ឆ្នាំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្តសៀមរាប សម្រាប​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។​

​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​មក​ពិនិត្យមើល​ការដាំដុះ​ដំណាំ​ឫស្សី​ផ្អែម​របស់លោក លី វិ​ន ចំនួន ស្ថិតក្នុង​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​:​មណ្ឌល ខេត្តបាត់ដំបង​។

​លោក លី វិ​ន បាន​ឲ្យ​ដឹងថា លោក​បាន​ដាំ​ឫស្សី​នេះ នៅ​ឆ្នាំ​២០១៥ លើ​ផ្ទៃដី​ទំហំ បច្ចុប្បន្ន​កើនឡើង​ចំនួន ៣​ហិកតា នឹង​គ្រោង​ពង្រីក​បន្ថែម​នាពេល​អនាគត​។ សម្រាប់​អាជីវកម្ម ដែល​កំពុង​ធ្វើ​ការដាំដុះ​ដំណាំ​ឫស្សី​នេះ គឺ​បណ្តុះ​កូន​ឫស្សី និង​ជីក​ទំពាំង​លក់ និង​លក់​ដើម​ប្ញ​ស្សី​។​

​តាម​ការបញ្ជាក់ របស់ លោក លី វិ​ន បាន​ឲ្យ​ដឹងថា ចំពោះ​កូន​ឫស្សី ១​ដើម​/៣០០០​រៀល ទំពាំង ១kg/២៥០០​រៀល ឫស្សី ១​ដើម​/៣០០០​រៀល​) ហើយ​រៀងរាល់​៥​ថ្ងៃ​ប្រមូល​ទំពាំង​ម្តង ជា​មធ្យម​ក្នុង​១​លើក ប្រមូល​ទំពាំង​បាន ១ ៤០០​ឡី​ឡូ​ក្រាម​/​ហិកតា​។ លោក​ថា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ លោក​ប្រមូល​ចំណូល​បាន​ជាង ៩,០០០​ដុល្លារ​។​

​លោក បញ្ជាក់​អំពី​ទីផ្សារ ធ្វើការ​កែច្នៃ​នៅពេល​រដូវ​ចុះថោក ពង្រីក​ផ្ទៃដី​ដាំ​បន្ថែម ជួយ​ណែនាំ និង​ចែករំលែក​អំពី​បច្ចេកទេស និង​បទពិសោធន៍​ដល់​អ្នក​ចង់​ដាំ​ឫស្សី​ផ្អែម​នេះ​។

​ជាមួយគ្នា ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ប្រជា​សហគមន៍​ព្រៃឈើ​ដាំ​ឫស្សី​ផ្អែម​នេះ ពីព្រោះ​ជា​ដំណាំ​ងាយ​ដាំ​ដុះ ឆាប់​ឱ្យ​ផល មាន​អាយុ​វែង បាន​ផល​ទាំង​ដើម ទំពាំង និង​កូន​ទៀតផង​។ បើ​យើង​ដាំ​បាន​ផល​ឫស្សី​នេះ នឹង​ជួយ​បង្កើន​កម្រិតជីវភាពរ​បស់​ប្រជា​សហគមន៍​ព្រៃ ឈើ​បានល្អ​ប្រសើរ ដោយ​មិនចាំបាច់​ទៅ​ពឹង​ផ្អែកលើ​ផល និង​អនុផល​ព្រៃឈើ​ទាំងស្រុង​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close