ផ្ទុះបាតុកម្មតវ៉ាថ្មីមួយទៀត ក្នុងទីក្រុង Atlanta ដោយសារបុរសស្បែកខ្មៅម្នាក់ ត្រូវប៉ូលិសបាញ់សម្លាប់
សហរដ្ឋអាមេរិក៖ បុរសស្បែកខ្មៅម្នាក់ទៀត ត្រូវបានប៉ូលិសបាញ់សម្លាប់ ដែលប្រការនេះ បង្កឱ្យបាតុកម្មតវ៉ាទ្រង់ទ្រាយធំថ្មីមួយទៀត ហើយជាលទ្ធផលនោះ មានមនុស្ស៣៦នាក់ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
ប្រភពបានឱ្យដឹងថា បុរសស្បែកខ្មៅឈ្មោះ Rayshard Brooks អាយុ២៧ឆ្នាំ បានដេកលង់លក់នៅក្នុងរថយន្ដរបស់ខ្លួន នៅក្បែរភោជនីយដ្ឋាន Wendy’s ក្នុងទីក្រុង Atlanta ។ ហើយនៅពេលប៉ូលិសមកដល់ រូបគេបានបដិសេធមិនឱ្យពិនិត្យជាតិស្រវឹង ហើយបានតដៃជាមួយប៉ូលិស ដែលជាហេតុធ្វើឱ្យប៉ូលិសម្នាក់បាញ់ សម្លាប់រូបគេ ។
ក្រោយហេតុការណ៍នេះកើតឡើង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងផងដែរ ហើយប៉ុន្មានម៉ោងក្រោយការតវ៉ា ស្នងការប៉ូលិសទីក្រុង Atlanta លោកស្រី Erika Shields បានសម្រេចចិត្តលាលែងចេញពីតំណែង រីឯប៉ូលិសម្នាក់ដែលមានជាប់ពាក់ព័ន្ធបាញ់សម្លាប់ Rayshard Brooks ត្រូវបានបណ្ដេញចេញពីតំណែង ខណៈម្នាក់ទៀតជាប់ពិន័យរដ្ឋបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។