៥​ខែ ដើមឆ្នាំ​នេះ រាជធានី​ភ្នំពេញ ទទួលបាន ៥៨៣​គម្រោង​ពី​វិស័យ​សំណង់ ក្នុង​ទុន​ជាង​១,៣០០​លាន​ដុល្លារ​

​ភ្នំពេញ​៖ ត្រឹម​រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ រាជធានី​ភ្នំពេញ បានទទួល​ការវិនិយោគ​លើ​វិស័យ​សំណង់​ចំនួន ៥៨៣​គម្រោង ក្នុងនោះ​ផ្ទៃក្រឡា​សំណង់​សរុប ២,៨២១,៣១៧​ម៉ែត្រក្រឡា ដែលមាន​ទុនវិនិយោគ​សរុប ១,៣៧៥,៦២៨,០៥០​ដុល្លារ​អាមេរិក​។​

​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សុរិយោ​ល​ដី បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា បច្ចុប្បន្ន​នៅក្នុង​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់​ឡើងទៅ មាន​ចំនួន ១,២៩២​អគារ​។ បុរី​មាន​ចំនួន ២៤៤​បុរី​។ រយៈពេល​៥​ខែ ឆ្នាំ​២០២០ ខាង​មន្ទីរ បានចេញ​លិខិត​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត បាន​ចំនួន​២៩​ការដ្ឋាន​, ចេញ​លិខិត​បើក​ការដ្ឋាន ចំនួន​៤០​ការដ្ឋាន និង​លិខិត​បិទ​ការដ្ឋាន ចំនួន​៥​ការដ្ឋាន​។​

​ក្រៅពី​ការងារ​វិនិយោគ ក៏មាន​ការផ្ដល់​សេវាសាធារណៈ​លើ​សេវា​សុរិយាដី និង​សំណង់​ជូន​ប្រជាពលរដ្ឋ នៅ​ឆ្នាំ​២០១៩ បាន​ចំនួន ៦៦,៨៦៧​ឯកសារ ខណៈ​៥​ខែ ឆ្នាំ​២០២០ បាន​ចំនួន​២៥,៧០០​ឯកសារ​។ ចំណែក​ការងារ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ការប្រមូល​ទិន្នន័យ​ក្បាលដី ឆ្នាំ​២០១៩ បាន​ចំនួន​៣៥,៧៥៨​ក្បាលដី (​ក្នុងនោះ ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិ ឆ្នាំ​២០១៩ បាន​១៣,៣៨១​ក្បាលដី និង​ចែក​ប័ណ្ណ​សកម្ម​សិទ្ធិ​ឆ្នាំ​២០១៩ បាន​៩,៨០៣​ក្បាលដី​)​។ ការងារ​ចុះបញ្ជី​ដាច់​ដោយ​ដុំ បាន​ចុះបញ្ជី​ចំនួន​៥៣៨​ប័ណ្ណ ហើយ​៥​ខែ​ដើមឆ្នាំ បាន​ចុះ​ចំនួន​១៦២​ប័ណ្ណ​។​

​ដោយឡែក​ការងារ​ប្រទានកម្ម មន្ទីរ​រៀបចំ​ដែនដី បាន​ចុះបញ្ជី​ដី​ប្រទានកម្ម​លើដី​ឯកជន​របស់​រដ្ឋ តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ២៩​ទីតាំង លើដី​ជាង​៨២​ហិច​តា បានផ្ដល់​កម្ម​សិ​ទិ្ធ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​១៨,០០០​គ្រួសារ​។ មន្ទីរ​បាន​ចុះបញ្ជី​បំបែក​ដីឡូត៍​ជូន​ប្រជាពលរដ្ឋ​សហគមន៍​មានជ័យ ចំនួន​៥៦២​ឡូត៍ តាមរយៈ​ការចាប់​ឆ្នោត ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​កំពុង​សាងសង់ ១៥២​ឡូត៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close