លោក ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍នគរបាលស្រុកជ័យសែនយកតួនាទីប៉ូលីសជាតិ ទៅបង្កើតបទ ល្មើស លួចរកស៊ីដឹកឈើខុសច្បាប់ ..!
https://youtu.be/x4xXDioBnSk
ខេត្តកំពង់ធំ : លោក ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍ ដែលគេស្គាល់គាត់ថា ជាមន្ត្រីប៉ូលីស នៅអធិការដ្ឋាននគរបាលស្រុកជ័យសែន បានយកតួនាទីរបស់ខ្លួន ទៅបង្កើតបទល្មើស ដោយប្រើប្រាស់រថយន្ត១គ្រឿងម៉ាកTACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ២Z ៩៧២៤ ភ្នំពេញ រកស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងសកម្ម ធ្វើឲ្យប៉ះពាល់កិត្តិយសដល់ស្ថានប័នរដ្ឋ ថែមទាំងប្រឆាំងទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។
ជាក់ស្ដែងនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចេញល្បាតតាមដងផ្លូវជាតិលេខ៦២ពីកំពង់ធំមកព្រំប្រទល់ខេត្តព្រះវិហារ លុះមកដល់ភូមិអិនខ្មា ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឃាត់រថយន្ត១គ្រឿងម៉ាកTACOMA ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ២Z ៩៧២៤ ភ្នំពេញ ផ្ទុកឈើប្រភេទស្រឡៅ ចេញពីខេត្តព្រះវិហារមកខេត្តកំពង់ធំ ក៏ប៉ុន្តែរថយន្តនោះបានបើកគេចបាត់ស្រមោលទៅសមត្ថកិច្ចមិនបានបង្រ្កាបទេ ព្រោះសមត្ថកិច្ចទាំងនោះស្គាល់គាត់ថា ជាមន្ត្រីប៉ូលីសឈ្មោះ ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍នគរបាលស្រុកជ័យសែន ។
ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើនេះ ស្នើសុំទៅ ឯកឧត្តម សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ និង លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមេត្តា ចាត់ចែងមន្ត្រីខិលខូចក្រោមឱវាទខាងលើនេះផង ជៀសវាងប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំ ដើម្បីអោយស្របទៅតាមប្រសាសន៍របស់រាជរដ្ឋាភិបាលដែលតែងតែប្រកាសថា សុំឲ្យកងកម្លាំងប្រដាប់អាវុធកុំអោយពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះអ្នកសារព័ត៌មានយើង នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកជ័យសែននោះនៅឡើយទេ ព្រោះទូរស័ព្ទខលមិនចូល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។