គ្រឿងញៀនជិត​30​គីឡូក្រាម​ប្រុង​​នាំ​ឆ្លងកាត់​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា

ខេត្តបន្ទាយមានជ័យ ៖
យោង​តាម​គេហទំព័រកាសែតថៃមួយបានចុះផ្សាយថាសមត្ថកិច្ច​ខេត្ត​ស្រះ​កែវ​បាន​ធ្វើការឃាត់ខ្លួន​ជន​សង្ស័យចំនួន២​នាក់ពាក់ពន្ទ័ការដឹកជញ្ជូនគ្រឿងញៀនប្រមាណ២៩គីឡូក្រាមដែលបំរ៉ុងនាំឆ្លងដែនចូលមកប្រទេសកម្ពុជា ។យោងតាមរបាយការណ៍សមត្ថកិច្ចថៃការ​ចាប់​គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ បានប្រតិបត្តិការកាលពីថ្ងៃទី២៣ ខែ​មិថុ​នា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ថៃ​មួយ​ជាប់​បន្ទាត់​ព្រំដែន គឺ​ភូមិ​ថា​ខាម ឃុំ​ថា​ខាម ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេសថៃ គឺទល់មុខនឹងទឹកដីកម្ពុជា សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ។ ប្រភពពីព័ត៌មានថៃបានឲ្យដឹងថា ដំបូង​សមត្ថកិច្ច​ថៃចាប់​បាន​ជនសង្ស័យ​ប្រុស​ស្រី​០២​នាក់​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែល​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២៩​ដុំ ទម្ងន់​២៩.០០០​ក្រាម មាន​តម្លៃស្មើ​៣០​លាន​បាត លាក់​នៅ​ក្នុង​កាបូប​ចំនួន​០២ ។ប្រភពបានបន្តឲ្យដឹងទៀតថាក្រោយ​ពី​ឃាត់ខ្លួន​ហើយ​សាកសួរ ពួក​គេ​ទាំង​០២​នាក់​បានឆ្លើយ​ថា បំរ៉ុងយកឆ្លងដែនចូលមកប្រទេសកម្ពុជា ។ក្នុង​ការ​បង្ក្រាប​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ធំ​នេះ សមត្ថកិច្ច​ថៃ បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ផ្សេង​ទៀត សរុប​៥​នាក់ ។ យ៉ាងណា​ក៏​ដោយ ការ​បង្ក្រាប​នេះ​គឺ​នៅ​លើ​ទឹកដី​ប្រទេសថៃ ហើយ​ជន​សង្ស័យ​មិនមែន​ជា​ខ្មែរ​នោះទេ ប៉ុន្តែ​បើ​ថ្នាំ​ញៀន​ទាំងនេះ​ឆ្លង​ដែន​ចូល​ដល់​ប្រទេសកម្ពុជាបាននោះ មិនដឹង​ទៅ​ជា​យ៉ាងណា​ឡើយ ព្រោះ​២៩​គីឡូក្រាម​ពិតជា​ច្រើន​ណាស់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close