ឆមាសទី១ ឆ្នាំនេះ! ករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះ២៥%
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានថយចុះចំនួន ៥៥២លើក ស្មើនឹង២៥% ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ក្នុងឆ្នាំកន្លងទៅ។ នេះបើតាមការបង្ហាញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា នៅក្នុង ឆមាសទី១ ឆ្នាំ២០២០ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៦១៩លើក ប្រៀប ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៥៥២លើក ស្មើនឹង២៥% ស្លាប់ថយចុះចំនួន១៧២នាក់ ស្មើនឹង១៧% និងរបួសថយចុះចំនួន៧៧៨នាក់ ស្មើនឹង២៤%។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺបន្តយុទ្ធនាការចែកមួកសុវត្ថិ ភាព បំពាក់ផ្លាកសញ្ញាសុវត្ថិភាព បិទចំណាំងផ្លាត ជួសជុលនិងថែទាំផ្លូវ និងគំនិតផ្តួចផ្តើមនានាដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
ឯកឧត្ដម បានគូសបញ្ជាក់អំពីវិធានការមួយចំនួន រួមមាន៖ ការបំពាក់ កាមេរ៉ាតាមដងផ្លូវ ដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកម្រិតកំណត់ដោយច្បាប់ និងការរំលោភ ច្បាប់ចរាចរណ៍ ការល្បាតឆ្មក់ពេលយប់នៅតាមដងផ្លូវ វិធានការបិទយានដ្ឋានកែច្នៃយានយន្តខុស លក្ខណៈបច្ចេកទេសឱ្យអស់នៅដំណាច់ឆ្នាំនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងរួមចំណែក ដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ជាមួយគ្នា សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ឆ្នាំ២០២០នេះ ជាឆ្នាំរឹតបន្តឹងច្បាប់ចរា ចរណ៍ផ្លូវគោក ដូចនេះសូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនជាមួយ រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។