ជប៉ុន សន្យាថា នឹងជួយជំរុញវិស័យទេសចរណ៍ នៅកម្ពុជា
ភ្នំពេញ៖ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ក្រុមហ៊ុន ស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើលទីតាំងមួយចំនួននៅប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញពីសភាពការណ៍ថ្មីៗ ក៏ដូចជាការវិវត្តនៃវិស័យទេសចរណ៍កម្ពុជា នាកំលុងពេលជួបវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានកំណើនទេសចរក្នុងស្រុកច្រើនឡើងៗ ខណៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមុខព្រួញនៃប្រតិបត្តិការទេសចរណ៍ ក៏កំពុងយកចិត្តទុកដាក់ខ្ពស់នៅទូទាំងប្រទេស ពិសេសនៅតាមមូលដ្ឋានអាជីវកម្មសំខាន់ៗចំនួន ៦ រួមមាន៖ រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ មូលដ្ឋានសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យដល់សមាគម JBAC ជួយរៀបចំផែនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសជប៉ុនបន្ថែមផងដែរ ពីព្រោះលោកជឿថា ការងារទាំងនេះមិនអាចពឹងតែទៅលើសមាគមឱ្យធ្វើតែម្នាក់ឯងនោះឡើយ វាចាំបាច់ត្រូវឱ្យកម្ពុជាខិតខំជួយធ្វើរួមគ្នាដែរ ដូច្នេះហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា JBAC នឹងជួយក្នុងកិច្ចការងារនេះ។
មួយវិញទៀត ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើដល់សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាបន្តគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត» ដែលក្រសួងទេសចរណ៍បាននិងកំពុងធ្វើឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ពីព្រោះ JBAC ក៏ធ្លាប់បានជួយក្រសួងទេសចរណ៍ និងមានគម្រោងក្នុងកិច្ចការនេះដែរ។
លោក ខាន់ដា សន្យាថានឹងពង្រឹងកិច្ចសហការក៏ល្អនេះជាមួយកម្ពុជាបន្តទៅមុខទៀត ដើម្បីជំរុញវឌ្ឍនភាពលើវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសមិត្តទាំងពីរ ដោយអ្វីៗទាំងអស់ខាងលើនេះ សុទ្ធតែសង្ឃឹមទុកនៅពេលវិបត្តិជំងឺកូវីដ-១៩ រលាយរលត់ចេញផុតពីភពផែនដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។