កសិករ​ម្នាក់ ដាំ​បន្លែ​ក្នុង​រោង​សំណាញ់ រក​ចំណូល​៥​លាន​រៀល ក្នុង​មួយឆ្នាំ​

​ខេត្តកណ្តាល​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព (​ការដាំ ប្រមូល​ផល និង​ការប្រមូលទិញ​តាម​កិច្ចសន្យា​) របស់លោក ផៃ ប្រុស ម្ចាស់​ចំការ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។

​លោក ផៃ ប្រុស ដែលជា​ម្ចាស់​ចំការ​ខាងលើ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក មាន​រោង​សំណាញ់​៦​រោង ដោយ​នីមួយៗ មាន​ទំហំ ១០​ម​x៣៥​ម ក្នុង​១​ឆ្នាំ ដាំ​បាន​ពី​៥-៦​សារ រោង​នីមួយៗ​ប្រមូល​ផល ១,៥​តោន ទូទាត់​ថ្លៃដើម​រួច បាន​ចំណូល ៥​លាន​រៀល​។ លោក ថា បច្ចុប្បន្ន​លោក​បាន​ចុះកិច្ចសន្យា​ដាំ​បន្លែ​ផ្គត់ផ្គង់​ឲ្យ​ឈ្មួញ​យកទៅ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ជាមួយគ្នា ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទីផ្សារ និង​តម្លៃ​បន្លែ​សុវត្ថិភាព​នឹង​ល្អប្រសើរ​ឡើងជា​លំដាប់ ដោយសារ​ការពេញនិយម​របស់​អ្នក​បរិភោគ ដែល​គិតគូ​ពី​សុខ​ភាពជា​ចំបង​។ ហើយ​អ្នក​ដាំ ក៏បាន​អនុវត្តតាម​លក្ខណ​: បច្ចេកទេស និង​ចុះកិច្ចសន្យា​ផ្គត់ផ្គង់ ដែល​កិច្ចសន្យា​អនុវត្ត​ផលិតកម្ម​កសិកម្ម​នេះ បានផ្តល់​បច្ចេកវិទ្យា​ក​សិ​កម្ម​ទំនើប ដូចជា​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ប្រើ​ប្រព័ន្ធ​ដំណក់ និង​សាច ប្រើប្រាស់ ជី និង​ថ្នាំ​កសិកម្ម​ត្រឹមត្រូវ​តាម​បច្ចេកទេស ចេះ​សន្សំ និង​ផលិត​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​តាមបែប​ធម្មជាតិ បាន​យក​គោលការណ៍​ស្តីពី “​ការអនុវត្ត​កសិកម្ម​ល្អ (GAP)” មក​អនុវត្ត បាន​ចងក្រង​បណ្តុំ​អាជីវកម្ម​លក់​ចែកចាយ​ធាតុ​ចូល​កសិកម្ម និង​បង្កើត​សហគមន៍​ផលិត​បន្លែ​។​ល​។

​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែមថា កត្តា​ទាំងអស់​នេះហើយ គឺជា​ដើមចម​នៃ​កំណើន​ផលិតកម្ម ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច ប្រាក់ចំណូល និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​គ្រួសារ​។ សុខភាព​អ្នក​ផលិត ក្រុមគ្រួសារ​ត្រូវបាន​កែលម្អ​បានល្អ​ប្រសើរ គ្រួសារ​រីករាយ សប្បាយចិត្ត​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ ជួបជុំ​គ្រួសារ មាន​សុភមង្គល ជាពិសេស​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close