រោងចក្រ​កែច្នៃ​ផ្លែឈើ​ស្រស់​ជា​លើកដំបូង​នៅ​កម្ពុជា នឹង​បញ្ចប់​ការសាងសង់​នៅ​ខែកញ្ញា​ខាងមុខ​

​រោងចក្រ​ផលិត​កែច្នៃ​ផ្លែឈើ​ស្រស់ ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ម៉ៅ​លី​ហ្គា​ស៊ី និង​ក្រុមហ៊ុន Hyundai ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ចេញផ្សាយ​នៅថ្ងៃនេះ​។​

​លោក ម៉ៅ គន្ធ​ពិសី តំណាង​ក្រុមហ៊ុន​ម៉ៅ​លី​ហ្គា​ស៊ី មាន​ឲ្យ​ដឹងថា នៅ​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​ទាំងពីរ នឹង​បោះទុន​នូវ​ប្រាក់​ចំនួន ១០​លាន​ដុល្លារ​អាមេរិក ក្នុងការ​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​ស្រស់​ក្នុង​គោលបំណង​នាំចេញ​ផ្លែឈើ ១.៧០០​តោន ក្នុង​១​ឆ្នាំ​។​

​តាម​លោក គន្ធ​ពិសី ដំបូង​ក្រុមហ៊ុន​នឹង​ផ្តោតលើ​ការនាំចេញ​ផ្លែឈើ​ស្រស់ គឺ​ចាប់ផ្តើម​ពី​ផ្លែស្វាយ បន្ទាប់មក​ពង្រីក​ដល់​ផ្លែ​ដូង ផ្លែ​ទុ​រ៉េ​ន ផ្លែ​មង្ឃុត​។​ល​។  រីឯ​គម្រោង​ទី​២ នៅក្នុង​ការវិនិយោគ​នេះ ក៏​នឹង​គ្រោង​វិនិយោគ ១០​លាន​ដុល្លារ​អា​ម៉​រិ​ក​ផងដែរ ដោយ​ផ្តោតលើ​ប្រព័ន្ធ​ស​ម្ងួ​ត និង​ក្លាស្សេ​សម្រាប់​រោងចក្រ​កែច្នៃ​អាហារ ដូចជា​តំណាប់​ផ្លែឈើ​កំប៉ុង​។

​លោក​បាន​បញ្ជាក់ថា ទីផ្សារ​សម្រាប់​ការនាំចេញ​នេះ គឺ​មិនមែន​គ្រាន់តែ​ប្រទេស​កូរ៉េ​នោះទេ គឺ​ក្រុមហ៊ុន Hyundai មាន​សាខា ៤៤​ទូទាំង​ពិភពលោក ដែលជា​បណ្តាញ​ដ៏​រឹងមាំ​សម្រាប់​ការនាំចេញ​អាហារ​មានគុណ​ភាព​ខ្ពស់​របស់​កម្ពុជា​។

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន Hyundai បាន​នឹង​កំពុង​ដាំ​ដុះ​ដំណាំ​ស្វាយ លើ​ផ្ទៃដី​ចំនួន ៤០០​ហិកតា និង​ក្រុមហ៊ុន​ម៉ៅ​លី​ហ្គា​ស៊ី (Legacy)​បាន​ដាំ​ដុះ​ដំណាំ​ស្វាយ​លើ​ផ្ទៃដី ចំនួន ២.០០០​ហិកតា នៅក្នុង​ខេត្តកំពង់ស្ពឺ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close