ដើម្បីការគ្រប់គ្រងសំរាមឱ្យបានល្អ និងបរិស្ថានស្អាត ត្រូវផ្ដើមពីយើង!
ភ្នំពេញ៖ «ក្រសួងបរិស្ថាន សូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមប្រតិបត្តិមេត្រីភាពក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាននិងសំណល់ដែលគ្រោះថ្នាក់»។
នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ បុរី ប៉េង ហួត នៅក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោរ។
ការអនុវត្តគោលការណ៍ញែកសំរាមតាមប្រភេទនេះត្រូវបានអនុវត្តដោយក្រុមការងារ «ផ្តើមពីយើង» ដឹកនាំដោយលោក គួច វែងស្រ៊ុន និងយុវជនស្ម័គ្រចិត្ត និងចូលរួមអនុវត្តដោយក្រុមហ៊ុនបុរី ប៉េងហួត ហើយគម្រោងនេះទទួលបានការគាំទ្រដោយក្រសួងបរិស្ថានក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋញែកសំរាមតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីបរិស្ថានស្អាត និងមានផាសុកភាពល្អ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «ផ្តើមពីយើង» ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានសហការគ្នារៀបចំអនុវត្តគម្រោងនេះរហូតបាន ទទួលជោគជ័យនិងមានការចូលរួមគាំទ្រអនុវត្តពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានតែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។ ជាមួយនេះ ឯកឧត្ដម ក៏បានលើកឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។
ឯកឧត្តមបនថ្លែងថានៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែក បើតមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា នៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០,២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០%។
ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះ មានក្ដីរំភើប និងពេញចិត្តក្នុងការចូលរួមបែងចែកសំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់បរិស្ថានឱ្យកាន់តែល្អ ស្អាតបន្ថែមទៀត។ ទាំងលោក គួច វែងស្រ៊ុន ប្រធានគម្រោង «ផ្តើមពីយើង» និងលោកស្រី ជាវ សម្បត្តិ តំណាងក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងអំណរគុណឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានគាំទ្រគម្រោងដ៏មានសារៈសំខាន់នេះ និងបានថ្លែងអំណរគុណប្រជាពលរ្ឋដែលបានចូលរួមអនុវត្តគម្រោង។
សូមបញ្ជាក់ថា គម្រោងផ្ដើមពីយើងបានប្រគល់ធុងសំរាមចំនួន ២០០ឈុត ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះដែលពលរដ្ឋអាចទុកដាក់សំរាមតាមប្រភេទ ហើយនៅលើធុងសំរាមនោះមានការរចនាជាកន្លែងសម្រាប់ដាំដំណាំរួមផ្សំផ្សេងទៀត ឬផ្កាលម្អជាដើម។
ក្នុងនាមឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា មានជំនឿថាគម្រោងផ្តើមពីយើងនេះនឹងទទួលបានជោគជ័យហើយក្លាយជាគំរូសម្រាប់កាអនុវត្តនៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ និងជំរុញចលនាញែកសំរាមតាមបច្ចេកទេស និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅទូទាំងប្រទសកម្ពុជាដោយឯកឧត្តមបានគូសបញ្ជាក់ថា សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់សំរាមនឹងត្រូវបានកាត់បន្ថយដោយសំរាមខ្លះអាចយកទៅកែច្នៃនិងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្តិ៍ដាក់លើដំណាំឬរុក្ខជាតិផ្សេងទៀតបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។