កាលពីឆ្នាំទៅ កម្ពុជានាំទំនិញទៅកាន់ទីផ្សារអាមេរិកកើនជិត៩ភាគរយ
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជា ដៃគូពាណិជ្ជកម្មទិញទំនិញធំបំផុតទីពីររបស់កម្ពុជា បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៧។
យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចេញផ្សាយកាលពីចុងសប្តាហ៍នេះ បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញមុខទំនិញនានាទៅលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧មានតម្លៃទឹកប្រាក់ ៣.០៦៤លានដុល្លារអាមេរិក កើនឡើង ៨,៨៨ភាគរយ ពីចំនួនទឹប្រាក់ ២.៨១៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៦។
ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រមទាំងប្រភេទទំនិញកាបូបយួរសម្រាប់អ្នកដំណើរជាដើម។ ដោយឡែកការនាំចូលមុខទំនិញនានារបស់កម្ពុជា ពីសហរដ្ឋអាមេរិកវិញមានតម្លៃទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក បានកើនឡើង ១១ភាគរយ ពីចំនួនទឹកប្រាក់ ៣៦០លានដុល្លារអាមេរិក។
ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយកក្នុងរង្វង់ពី ២០ ទៅ៣០ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។