ស្គាល់នៅ! ភ្នំកំពង់ត្រាច ល្អាងព្រះនិព្វាន និងល្អាងដទៃទៀត!
ខេត្តកំពត៖ កំពង់ត្រាច ជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ល្អឯកនៅកម្ពុជា ភ្ញៀវអាចដើរលេងក្នុងល្អាងភ្នំ កំសាន្តនៅបឹងលំពូ ឬជិះទូកតាមព្រែក កំពង់ត្រាច ទៅដល់សមុទ្រ នៅត្រង់ចំណុចដៃព្រែកអង្កោល។ គឺពិតជាអស្ចារ្យណាស់ និងជាឋានសួគិ៍ពិតប្រាករបស់ដែនដីសុវណ្ណភូមិមួយនេះ បើអភិរក្សភ្នំ បឹង និងព្រែក ហើយអភិវឌ្ឍន៍សេវាកម្មទេសចរណ៍បានល្អ។ មិនបាច់ទៅលេងឯណាទៀតទេ គឺកម្ពុជាទឹកដីអច្ឆរិយៈ នៅតំបន់នេះរង់ចាំអ្នក!
ល្អាងព្រះនិព្វាន មានរូបសំណាកព្រះពុទ្ធចូលនិព្វានធំមួយ កសាងនៅឆ្នាំ១៩៦៣។ អ្នកខ្លះហៅល្អាងឈើទាល (មានដើមឈើទាលអាយុកាលពាន់ឆ្នាំ)។ ក្នុងល្អាងព្រះនិពា្វនមាន៖ ក្រឡើតនាគ អណ្តើក.ស ស្បែកដំរី បំពង់.ក.នាគ ក្រពះនាគ លោកយាយម៉ៅ ស្គរហនុមាន ជួងហនុមាន ស្តេចដំរី.ស រូបចម្លាក់ឋានតុសិត ស្គរល្ខោន និងសេនាព្រះភ័ក្ត្រ៨។
ល្អាងស្រែ១០០ មានស្តារឡាក់មីត ដុះឡើងលើដូចទំនប់ភ្លឺស្រែ និងប្រឡាយជាច្រើន។ ក្នុងល្អាងនេះ មើលទៅលើនឹងឃើញគ្រែធ្វើពីឈើលាយថ្មសៀតជាប់លើជញ្ជាំងល្អាង។ បច្ចុប្បន្ន នៅឃើញគ្រែ។
ល្អាងខ្មោច(ពីមុនជាល្អាងប្រចៀវ តែសម័យប្រល័យពូជសាសន៍ ប៉ុល ពត យកមនុស្សស្លូតត្រង់ទៅសម្លាប់ចោលច្រើននៅទីនោះ។ បច្ចុប្បន្ន គេយកធាតុចេញអស់ហើយ។
នៅមានល្អាងច្រើនទៀត និងរូង(គេនិយមទៅលេង និងបួងសួង)៖ ១)រូងតាឥសី មានអ្នកសច្ច: ឬតាឥសីទៅសំណាក់ធម៌។ ពេលបុណ្យទាន អ្នកស្រុកតែងតំណាលថា មានគេយកកន្ទេល និងចានដាក់នៅទីនោះ ដើម្បីឱ្យអ្នកស្រុកខ្ចី។
២)រូងនាគ មានថ្មរូបរាងដូចសត្វនាគ។ មើលពីក្រៅថ្មនៅលើល្អាងដូចក្បាលនាគ។
៣)រូងក្រពើ មានរូបរាងដូចសត្វក្រពើ។
៤)រូងចំការមន ពីមុនមានចិនដាំដើមមននៅទីនោះ ចិញ្ចឹមកូននាងដើម្បីធ្វើសូត្រ។
រូងក្នុងភ្នំកំពង់ត្រាច មានប្រមាណ១២០រូង ដែលគេសន្និដ្ឋានថា ជាតំណាង១២០ ជាតិសាសន៍។
តាមព្រហ្មញ្ញសាសនា គេមានជំនឿមកបន់ស្រន់នៅភ្នំកំពង់ត្រាចរហូតដល់សព្វថ្ងៃ។ មានរៀបចំពិធីបុណ្យប្រចាំភូមិ ប្រណាំងគោ និងរបាំនៅពេលបុណ្យចូលឆ្នាំ ឬ បុណ្យភ្ជំបិណ្យ។ ពីមុន ធ្លាប់ធ្វើពិធីសុំទឹកភ្លៀង (ឥឡូវអត់ធ្វើ)។ មានវត្ត១ឈ្មោះ គិរីសិលា សង់នៅឆ្នាំ១៩៩១ ដោយពុទ្ធបរិស័ទ្ធនៅជុំវិញភ្នំ។
ភ្នំកំពង់ត្រាច ប្រហែលជាត្រូវបានកកើតឡើងនៅស័កទី២(សម័យដាយណូស័រ) នៃប្រវត្តិកកើតផែនដី។ តួភ្នំទាំងមូលជាប្រភេទថ្មកំបោរ និងលាយថ្មក្រានីតខ្លះនៅក្នុងល្អាង។ ប្រជាជនយកថ្មក្រានីតទៅធ្វើចាន។ មានរោងសិប្បកម្មស្ថិតនៅចំងាយប្រមាណ៥០០ម ពីភ្នំ កិនថ្មក្រានីតជាថ្មស ឬស្មាកូតសម្រាប់យកទៅបៀកជញ្ជាំង ឬដើម្បីយកទៅធ្វើចាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។