រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បើក​បណ្តុះបណ្តាល​ស្តីពី “​ការគ្រប់គ្រង បរិស្ថាន​និង​ធនធានធម្មជាតិ​”

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​បណ្តុះបណ្តាល​ស្តីពី “​ការគ្រប់គ្រង បរិស្ថាន​និង​ធនធានធម្មជាតិ​” (​ជំនា​ន់ទី​៤)​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចែករំលែក​នូវ​ចំណេះដឹង​អំពី​បរិការណ៍​ទូទៅ គោលនយោបាយ ភាពខ្លាំង បញ្ហា​ប្រឈម​របស់​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​នានា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងបរិស្ថាន ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​ការងារ​នៃ​រដ្ឋបាល​សាធារណៈ ការលើកកម្ពស់​សមត្ថ​ភាព​ស្ថាប័ន ការផ្តល់​សេវាសាធារណៈ និង​ការកសាង​រដ្ឋបាល​ទំនើប​។​

​ឯកឧត្តម​បាន​បន្តថា ក្នុង​ជំហាន​ដំបូង​នៃ​ជីវិត​ជា​មន្ត្រីរាជការ ត្រូវខិតខំ​ពង្រឹង​នូវ​សមត្ថភាព ដើម្បី​មានឱកាស​ការងារ និង​តួនាទី​ទៅមុខទៀត ជាពិសេស​កំណត់អោយ​ច្បាស់​នូវ​គោលដៅ​ជីវិត​ដែល​ត្រូវ​ដើរ ប្រកាន់ខ្ជាប់​នូវ តម្លៃ​មនុស្ស គុណធម៌ សីលធម៌ ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង សង្គម និង​គ្រួសារ​។​

​សូមជម្រាបថា វគ្គ​បណ្តុះបណ្តាល ស្តីពី “​ការគ្រប់គ្រង បរិស្ថាន និង​ធនធានធម្មជាតិ​” (​ជំនា​ន់ទី​៤) នេះ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ជូន​មន្ត្រីរាជការ មន្ត្រី​ក្របខ័ណ្ឌ​ឆ្នាំ​២០១៩ និង​២០២០ សរុប ៧២​រូប ក្នុងនោះ មន្ត្រីរាជការ​នៅ​ទីស្តីការក្រសួង​ចំនួន ៤៦​រូប និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ចំពោះ​ចំណេះដឹង និង​ឯកទេស​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close