កូនឈើ​ចម្រុះ​ជាង ៥​ពាន់​ដើម ដាំ​នៅតាម​ដងផ្លូវ​សំខាន់ៗ ក្នុងស្រុក​ក្រឡាញ់​

​ខេត្តសៀមរាប​៖ កូនឈើ​ចម្រុះ​ជាង ៥​ពាន់​ដើម មាន​ប្រភេទ​កូនដើម​ក្ងោក ដើម​លឿង​រាជ ដើម​ឥន្ទនេល ដើម​រាំង និង​ដើម​ឈើទាល ដែល​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ​ក្រឡាញ់ ត្រូវបាន​ដាំ​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុងស្រុក​ចំនួន​៤​គោលដៅ សរុប​ប្រវែង​ជាង​២០​គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ តាមរយៈ​ការបើក​យុ​ទ្ឋ​នា​ការ ដាំ​ដើមឈើ​ចំនួន​៥៥០០​ដើម ក្រោម​ប្រធានបទ « ក្រឡាញ់​ស្រុក​ខ្ញុំ​ពណ៌​បៃតង »​។​

​លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ មានប្រសាសន៍ថា យុ​ទ្ឋ​នា​ការដាំ​កូនឈើ​នេះ ជា​យុ​ទ្ឋ​នា​ការលើក​ដំបូង អាចនិយាយបាន​ថា​ជា​ដំណាក់កាល​ទី​១ ដែល​រដ្ឋបាល​ស្រុក​បាន​រៀបចំឡើង​ដើម្បី​ដាំ​ឈើ​នៅតាម​ដងផ្លូវ​ចំនួន​៤​ខ្សែ និង​ដាំ​ព្រៃ​លិច​ទឹក​នៅ​ឃុំ​ស្រ​ណា​ល​និង​ឃុំ​សំបួរ ហើយ​សម្រាប់​ដំណាក់កាល​ទី​២ នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០២១ ដែល​នឹង​ដាំ​តាម​ព្រំប្រទល់​ជុំវិញ​ស្រុក និង​ដំណាក់កាល​ទី​៣​នឹង​រៀបចំ​នៅ​ឆ្នាំ​២០២២​ដែល នឹង​ដាំ​តាម​ដងផ្លូវ​ក្នុង​ឃុំ​ទាំង​១០​ព្រមទាំង​ព្រៃ​លិច​ទឹក​នៃ​ស្រុក​ក្រឡាញ់​ផងដែរ ។​

​លោកស្រី អភិបាលស្រុក មានប្រសាសន៍​ទៀតថា ព្រៃឈើ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី និង ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និង​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស ហើយ​ដើមឈើ​នេះ ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​បំផុត ជា​អាយុជីវិត​មនុស្ស សត្វ ដែល​បាន​ផ្តល់នូវ​ពហុ​ប្រយោជន៍ មិនអាច​ប៉ាន់ប្រមាណ​បាន​ដល់​មនុស្សជាតិ មានតម្លៃ​ខាង​សេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេស​ជួយ​រក្សា​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើ​ឲ្យ​ធាតុ​អាកា​សមានភាព​កាន់តែ​ល្អប្រសើរ រក្សា​និយ័តភាព​ប្រភពទឹក ការពារ​ទី​ជម្រាល និង ជីវចម្រុះ សំខាន់​ទៀត​នោះ​ព្រៃឈើ​មានការ​ទំនាក់ទំនង​ច្រើន​ទៅនឹង​វិស័យ​កសិកម្ម ។​

​តាមរយៈ​ការបើក​យុ​ទ្ឋ​នា​ការ ដាំ​ដើមឈើ​ចំនួន​៥៥០០​ដើម​នា​ថ្ងៃនេះ លោកស្រី ម៉ន​នី រង្សី បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន , កងកម្លាំងប្រដាប់អាវុធ , មន្ត្រីរាជការ , សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែទាំ​កូនឈើ​ដែល​បាន​ដាំ​ហើយ​នាពេលនេះ ព្រោះថា នៅក្នុង​រយៈពេល​ពី​៤​ទៅ​៥​ឆ្នាំ​ខាងមុខ​ទៀត សង្ឃឹមថា តាម​ដងផ្លូវ​នៃ​ស្រុក​ក្រឡាញ់​ពេញ​ទៅដោយ​ដើ​ឈើ នឹង​ទទួលបាន​ពណ៌​បៃតង​ស្រស់ ដែល​គេ​ហៅថា​រុក្ខវិថី អម​ទៅដោយ​រុក្ខជាតិ​ចម្រុះ​ពណ៌​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close