ក្នុង​សប្តាហ៍​នេះ !​កម្ពុជា នឹង​បន្ត​ធ្លាក់ភ្លៀង​ពី​ខ្សោយ​ទៅ​ច្រើន ទៅតាម​តំបន់ ចាប់ពី​ថ្ងៃទី​១៥-២១ ខែកក្កដា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា នៅ​ថ្ងៃទី ១៥-១៧ ខែកក្កដា ខ្យល់មូសុង​និរតី​នឹង​បក់​ក្នុង ល្បឿន​បង្គួរ​មកលើ​កម្ពុ​ជា បន្ទាប់មក​នៅ​ថ្ងៃទី​១៨ – ២១ ខែកក្កដា ខ្យល់មូសុង​និរតី​នឹង​ចុះខ្សោយ​។ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​៖

១៖ បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៖
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦-២៧°C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ៣២-៣៤°C ។​
​នៅ​ថ្ងៃទី ១៥-១៧ ខែកក្កដា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ ក្នុងនោះ​មាន​ផ្នែក​ខ្លះ​នៃ​បណ្ដា​ខេត្ត​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាងលើ​អាចមាន​ភ្លៀង​ច្រើន​។ បន្ទាប់ពីនោះ ភ្លៀង​នឹង​អាច​ធ្លាក់​ថមថយ​មក​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​។​

២៖ បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥°C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ​។​

៣៖ បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦-២៧°C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close