វៀតណាម បើក​ជើងហោះហើរ​ពាណិជ្ជ​កម្ម​ជាមួយ​ចិន​ឡើងវិញ

​វៀតណាម​៖ រដ្ឋាភិបាល​វៀតណាម​បាន​យល់ព្រម​បន្ត​ជើងហោះហើរ​ពាណិជ្ជកម្ម​ទៅកាន់​និង​មកពី​ប្រទេស​ចិន បន្ទាប់ពី​បិទ​អស់​រយៈពេល​ជាច្រើន​ខែ​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​។ ​

នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុ​ក បានអនុញ្ញាត​ឲ្យ​បន្ត​ជើងហោះហើរ​ពាណិជ្ជកម្ម​នេះ​វិញ កាលពី​ម្សិលមិញ ពោលគឺ​ក្រោយពេល​បិទ​អស់​៥​ខែ​។  សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា​ថា ប្រទេស​វៀតណាម​មាន​ក​រ​ណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន ៣៧២​ករណី និង​គ្មាន​ចំនួន​ស្លាប់ ព្រមទាំង​គ្មាន​ការឆ្លង​មេរោគ​សហគមន៍ នៅ​ជិត ៣ ខែ​។​

​ប្រទេស​នេះ​បាន​ផ្អាក​រាល់​ជើងហោះហើរ​ពាណិជ្ជកម្ម​ទៅ​និង​មកពី​ប្រទេស​ចិន​ហើយ​បញ្ឈប់​ការចេញ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន​នៅក្នុង​ខែកុម្ភៈ​បន្ទាប់ពី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​ខ្លួន ហើយ​ការផ្អាក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន​នៅតែ​បន្ត​។​
​គួរ​បញ្ជាក់ថា វិស័យ​ទេសចរណ៍​ក្នុងប្រទេស​វៀតណាម ភ្ញៀវទេសចរ​ចិន​មាន​ចំនួន ១​ភាគ​៣ នៃ​ភ្ញៀវទេសចរ ១៨​លាន​នាក់​ដែល​បានមក​ទស្សនា​ប្រទេស​វៀតណាម កាលពី​ឆ្នាំមុន​។​

​យ៉ាងណាក៏ដោយ កាលបរិច្ឆេត​នៃ​ការបន្ត​ដំណើរការឡើង​វិញ​នូវ​ជើងហោះហើរ​ពាណិជ្ជកម្ម​ទៅមក​ជាមួយ​ចិន​វិញ មិនទាន់​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ច្បាស់​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close