កសិករ១គ្រួសារ នៅស្រុកចិត្របុរី ងាកមកចិញ្ចឹមបង្កងអូរស្ត្រាលី ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ

ខេត្តក្រចេះ៖ ការចិញ្ចឹមបង្កង អូរស្ត្រាលី របស់កសិករ ជាលក្ខណៈគ្រួសារដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ បាននិងកំពុងចាប់ផ្តើមពង្រីកសកម្មភាពចិញ្ចឹមនៅខេត្តក្រចេះ នាពេលបច្ចុប្បន្ន។
ជាក់ស្តែង កសិករឈ្មោះ រស់ ខេមរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ប្លុង ផារី អាយុ ២៧ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី បានប្រកបរបរចិញ្ចឹមបង្កង អស់រយៈពេល០៧ខែ មកហើយ ស្របពេលនៃការរីករាលដាលជម្ងឺកូវិត ១៩ ដោយបានចាប់ផ្តើមចិញ្ចឹមបង្កងមេពូជ ចំនួន៦០ក្បាល គឺមានញីចំនួន ៣០ក្បាល និងឈ្មោលចំនួន ៣០ក្បាល បានទិញមកក្នុងតម្លៃ ៤០០០០រៀលក្នុងមួយគូ ។
មកដល់ពេលនេះបង្កងមេពូជ មានពងហើយញាស់បានចំនួន ៣០សំបុក ទទួលបានកូនបង្កងចំនួន ៧៥០០កូន ។ មកទល់ពេលនេះ កសិករនេះបានចំណាយដើមទុនសរុបប្រហែល ១០០០ដុល្លា ហើយ ដែលបានបង្កើតអាងសម្រាប់ចិញ្ចឹម ជាស៊ីម៉ងបានចំនួន ០៣ អាង ដែលទំហំ៥×៥ម និងអាងប្លាស្ទិច ចំនួន០៤ អាង ។
បច្ចុប្បន្ននេះ កសិករនេះបានចាប់ផ្តើមបញ្ចេញកូនលក់ជូនដល់កសិករដែលរស់នៅក្នុងឃុំសណ្តាន់ និងសំបុក បានចំនួន ៥០០ កូនហើយដែលមានតម្លៃ ២ ០០០ រៀល/ក្បាល ។ ដោយឡែកការផ្តល់ចំណីបង្កងវិញ គឺមានជាចំណីគ្រាប់ ផ្លែល្ពៅ ដំឡូង និងសារាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។