ឯកឧត្តម គួច ចំរើន​៖ សមិទ្ធិផលប្រព័ន្ធ​គមនាគមន៍​ថ្មីៗ នឹង​លេចចេញ​ជា​រូបរាង​ នៅលើ​ទឹកដី​ក្រុង​កោះរ៉ុង​

ខេត្ត​ព្រះសីហនុ​៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​បេតុង​ប្រវែង​៧០​គីឡូម៉ែត្រ ទទឹង​៨​ម៉ែត្រ នៅលើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​កោះរ៉ុង ឌី​វេឡុ​ប​មេន​ខម​ភេ​នី របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន ស៊ី​ណូ ហៃ​ដ្រូ ខន​ស្ដ្រា​ក់សិន ខូ​អិ​ល​ធី​ឌី ដែល​តាម​គម្រោង​ថា​នឹង​ប្រើ​រយៈពេល​១៦​ខែ​សម្រាប់​ការស្ថាបនា​ឱ្យ​រួចរាល់​។

​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ Goddess of Liberty Hotel and Resort ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជាមួយនិង​វត្តមាន​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័ និង​ខាង​វិ​ស​យ័​ឯកជន ក្នុងនោះ​ក៍មាន​វត្តមាន​អ្នកឧកញ៉ា គិត ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ក្នុងនាម​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែល​ប្រតិបត្តិការ​ផ្ទាល់​ផងដែរ​។

​ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធិផល ប្រព​ន្ធ័​គមនាគមន៍​ដែល​នឹង​លេចចេញ​ជា​រូបរាង​ឆាប់ៗ​នេះ នៅលើ​ទឹកដី​ក្រុង​កោះរ៉ុង បន្ថែម​ទៅលើ​ផ្លូវ ថ្នល់​ជាច្រើន​ខ្សែ​ដែល​កំពុង​ស្ថាបនា​ជារួម​នៅក្នុង​ខេត្ត​ព្រះសីហនុ ជា​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ចាំបាច់​បម្រើឱ្យ​ការអភិវឌ្ឍន៍​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close