សម្ដេច​ក្រឡាហោម បើក​កិច្ចប្រជុំ​ការអនុវត្ត​ការងារ​ចុះបញ្ជី​ទោចក្រយានយន្ត តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

ភ្នំពេញ៖ ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការអនុវត្ត​ការងារ​ចុះបញ្ជី​ទោចក្រយានយន្ត​របស់​កា​រិ​យា​ល័យ​ច្រកចេញចូល​តែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម​ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ព្រមទាំង​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មួយចំនួនទៀត​។​

​អញ្ជើញ​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​កិច្ចប្រជុំ​នៅថ្ងៃនេះ គឺ​ដើម្បី​ស្ដាប់​នូវ​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាក់ទង​នឹង​ការអនុវត្ត​នយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​ក្របខណ្ឌ​ក្រសួង​ទទួលខុសត្រូវ ពិសេស​ការផ្ដល់សេវា​នានា​ជូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​រាយការណ៍​ជូន​សម្ដេច និង​អង្គប្រជុំ​ថា បញ្ហា​កូ​វីដ​១៩ បានក្លាយ​ជា​ឧ​សគ្គ​រារាំង​ការដឹកជញ្ជូន​សម្ភារៈ​មួយចំនួន សម្រាប់​បំពាក់​នៅតាម​ការិយាល័យ​ច្រកចេញចូល​តែមួយ ដើម្បី​ផ្ដល់​សេវា​ចុះបញ្ជី​ទោចក្រយានយន្ត​ជូន​ពលរដ្ឋ ហើយ​ថា​បញ្ហា​នេះ​បានធ្វើឱ្យ​ការដាក់ឱ្យ​ដំណើរការ​ក៏ត្រូវ​ពន្យា​ពេល​រហូតដល់​ដំណាច់ឆ្នាំ​២០២០​។​

​ឯកឧត្តម​បន្តថា​នៅក្នុង​ដំណាក់កាល​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុមការងារ​ប្រជុំពិភាក្សា​គ្នា​រៀបចំ​នីតិវិធី និង​បែបបទ ដើម្បី​ចេញ​សេចក្ដីណែនាំ​ពាក់ព័ន្ធ​នឹង​ដំណើ​ការផ្ដល់សេវា​ចុះបញ្ជី​ទោចក្រយានយន្ត និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​រិះរក​បច្ចេកវិទ្យា​ទប់ស្កាត់​ការ​ក្លែងបន្លំ​ឯកសារ​។​

​ឯកឧត្តម​បានស្នើ​សុំ​ការគាំទ្រ​ពីស​ម្ដេច​ក្រឡាហោម ពិនិត្យ​លទ្ធភាព​ភ្ជាប់​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ជាមួយ​ប្រព័ន្ធ​អន​ឡាញ​គ្រប់គ្រង​អត្តសញ្ញាណ​បណ្ណ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ចៀស​ការ​ក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​បណ្ណ​ពេល​ស្នើសុំ​ចុះបញ្ជី ពីព្រោះ​កន្លងមក​មាន​អ្នក​ក្លែងបន្លំ អត្តសញ្ញាណ​បណ្ណដើ​ម្បី​បាន​ស្លាក​លេខ​ភ្នំពេញ ហើយ​មន្ត្រី​ក៏​ជួប​ការលំបាក ដោយសារ​មិនមាន​ទិន្នន័យ​ដើម​ផ្ទៀងផ្ទាត់​។​

​សូមបញ្ជាក់ថា​បច្ចុប្បន្ន ការផ្ដល់សេវា​ចុះបញ្ជី​ទោចក្រយានយន្ត នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​មាន​ចំនួន​៥២​ការិយាល័យ​។ គិត​ចាប់ពី​ខែមករា​ឆ្នាំ​២០១៧​មក ការិយាល័យ​បាន​ចុះបញ្ជី​ទោចក្រយានយន្ត​ជាង​៥៤​ម៉ឺន​គ្រឿង និង​សេវា​ផ្សេងៗ​ទៀត សរុប​ជាង​៥៦​ម៉ឺន​គ្រឿង និង​បាន​រកឃើញ​ភាពមិនប្រក្រតី ដូចជា​ការប្រើ​អត្តសញ្ញាណ​បណ្ណ​មិន​ត្រឹមត្រូវ និង​ការ​ក្លែង​បង្កាន់ដៃ​បង់ពន្ធ​ដើម​។​

​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ពន្យា​ពេល​ដល់​ដំណាច់ឆ្នាំ​២០២០ សម្រាប់​ការបំពាក់​សម្ភារៈ​បំរើឱ្យ​ការផ្ដល់សេវា​ចុះបញ្ជី​ទោចក្រយានយន្ត​ដោយសារ​បញ្ហា​កូ​វីដ​១៩​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឯកភាព​តាម​សំណើ និង​បានផ្ដល់​ការណែនាំ​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត​សម្រាប់​ក្រុមការងារ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close