រាជរដ្ឋាភិបាល ដាក់ចេញ​យុទ្ធសាស្ត្រ បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​រសៀល ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ក្នុងនាម សម្តេច​តេ​ជោ ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​អប់រំ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការ​អ​ញ្ជើ​ញ​ចូលរួម​ជា​គណៈអធិបតី​ពី ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឯកឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ផងដែរ​។​

​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានលើកឡើង​អំពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​បញ្ហា​មីន ព្រមទាំង​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរ​/​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ បន្ត​យកចិត្តទុកដាក់ រៀបចំ​ដាក់បញ្ចូល​បញ្ហា​មីន​ជា​ការងារ​អាទិភាព​មួយ ក្នុង​របៀបវារៈ​រាល់​កិច្ចប្រជុំ​របស់​ខ្លូន​ជាប្រចាំ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងច្បាស់​លាស់ ក្នុងការ​បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ដែល​ការងារ​បោសសម្អាត​នេះ ត្រូវការ​នូវ​ធនធានមនុស្ស សម្ភា​រះ និង​ថវិកា​ជាច្រើន​ទើប​ជម្រុញ​ការ​បោសសម្អាត​បាន​រួចរាល់​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ​២០២៥​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការ​ចូលរួម​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំ​គោលដៅ និង​ប្រកបដោយ​ប្រសិទ្ធិភាព​អំពី​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close