សមត្ថកិច្ច ដកហូតពពុះសណ្ដែកមានផ្ទុកសារធាតុគីមី នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ នៅផ្សារចុងកាល់ ស្ថិតក្នុងភូមិករ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
មន្ត្រីជំនាញ បានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៩គំរូ មានដូចជា៖ អំបិលម៉ត់ ត្រីប្រាហើម ប្រហុក មីលឿង ត្រីងៀត សាច់ក្រក ពពុះសណ្ដែក និងទំពាំងជ្រក់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៣គីឡូក្រាម។
មន្ត្រីជំនាញ ក៏បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។