កូនឈើប្រណីត និងឈើផ្កាព្រៃ ៤០០ដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ កូនឈើប្រណីតសរុបចំនួន ៤០០ដើម រួមមាន៖ ប្រភេទឈើធ្នង់ ក្រញូង បេង នាងនួន សុក្រំ កូនឈើផ្ការំដួល និងថ្កុលមាស ត្រូវបានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»។

ឯកឧត្តម ហង់ ពៅ បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា បានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០១៤ ជាប្រយោជន៍សម្រាប់ការរស់នៅ និងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ» ខណៈជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១សែនដើមឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។
លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា គ្រប់គ្នាតែងមានគំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិកតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព ដូច្នេះសូមកុំឱ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ហើយនាំតែគ្នាបំផ្លាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។