៦​ខែ ឆ្នាំនេះ​! កម្ពុជា មាន​អ្នកជំងឺ​គ្រុនឈាម​ជាង ៣.០០០​ករណី ស្លាប់​៤​ករណី​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ថានភាព​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស រយៈពេល​៦​ខែ (​មករា ដល់​មិថុនា​) ឆ្នាំ​២០២០​នេះ បាន​ថយចុះ​ប្រមាណ​៨៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ស្ថានភាព​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​ពី​ខែមករា​-​មិថុនា ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប ៣.៣៣៩​ករណី និង​ស្លាប់​ចំនួន ៤​ករណី (​អត្រា​ស្លាប់ ០,០៣%)​។ ក្នុងអំឡុង​ប្រាំ​មួយខែ​ដើមឆ្នាំ​២០២០​នេះ គឺ​ករណី​ជំងឺគ្រុនឈាម បាន​ថយចុះ​ប្រមាណ​ជា ៨៨% បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ ២០១៩ ក្នុង​រយៈពេល​ដូចគ្នា​ដែលមាន ២៨.២៨៥​ករណី និង​ស្លាប់ ៣២​នាក់​។

​ករណី​ជំងឺគ្រុនឈាម បាន​ថយចុះ​នៅ​ទូទាំងប្រទេស នា​ដើមឆ្នាំ​២០២០ តែ​ករណី​មាន​រាយប៉ាយ​ដុំៗ តាម​ភូមិសាស្ត្រ​ប្រជុំជន​មួយចំនួន ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និង​ខេត្តព្រះវិហារ​។​

​ជាមួយគ្នា ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​លើកទឹកចិត្ត ដល់​ប្រជាជន​គ្រប់រូប​ត្រូវ​បន្ត ចូលរួម​អនុវត្តតាម​វិធាន ការបង្ការ​ជំងឺគ្រុនឈាម​តាម​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ដែល​ក្រសួងសុខាភិបាល តែង​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close