ឆមាស​ទី​១ ឆ្នាំនេះ​! កម្ពុជា រកចំណូល​គយ​ជិត ១៣០០​លាន​ដុល្លារ ធ្លាក់ចុះ​១៦% ដោយសារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ កម្ពុជា បានទទួល​ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មាន​ចំនួន​ជាង ៥,១៥២.៦​ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា​១,២៧២.២ លាន​ដុល្លារ​អាមេរិក ថយចុះ​១៦.២% បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។


​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អគ្គនាយកដ្ឋាន​គយ បញ្ជាក់ថា «​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ចំណូល​សរុប​ដែល​ប្រមូល​ដោយ អ​.​គ​.​រ មាន​ជាង ៥,១៥២.៦​ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ១,២៧២.២ លាន​ដុល្លារ​អាមេរិក​។ តួលេខ​ចំណូល​នេះ​ត្រូវជា ៤៣.៩% នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ចំណូល​នេះ​ថយចុះ ១៦.២% ដែល​ក្នុងនោះ ចំណូល​ពីមុខ​ទំនិញ​យានយន្ត​ថយចុះ ៣១.៧%, គ្រឿងសំណង់​ថយចុះ ២៨.២%, នៅពេលដែល​មុខទំនិញ​ប្រេងឥន្ធនៈ​កើនឡើង ៥.៥% និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​មាន​កំណើន ៣.១%»​។​

​ដោយឡែក​ការនាំ​ចូល​មុខទំនិញ​យានយន្ត ដែលជា​ប្រភព​ចំណូល​គយ​ដ៏​សំខាន់ មានការ​ធ្លាក់ចុះ​ខ្លាំង​ជា​បន្តបន្ទាប់ ជាពិសេស​នៅក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០​នេះ​។ ប្រភេទ​ពន្ធ និង​អាករ​សំខាន់ៗ ដែល​ប្រមូល​ដោយ​គយ​មាន ពន្ធគយ (​ពន្ធ​នាំចូល​), អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម (VAT)​។ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​មានការ​ប្រែប្រួល​ដូចតទៅ​៖ ពន្ធគយ​ថយចុះ ១៩.៨%, អាករ​ពិសេស​ធ្លាក់ចុះ ២១.៦% ហើយ VAT ថយចុះ ៩.៦%​។​

​តួលេខ​បណ្ដោះអាសន្ន នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មានការ​ប្រែប្រួល​ដូចតទៅ​៖ តម្លៃ​នាំចូល​សរុប​ថយចុះ ៩.៤% ហើយ​តម្លៃ​នាំចេញ​សរុប​ថយចុះ ០.៧% ក្នុងនោះ តម្លៃ​ផលិតផល​កាត់ដេរ​នាំចេញ​ថយចុះ ៧.៥% ប៉ុន្តែ​តម្លៃ​ផលិតផល​ស្រូវ អង្ករ កៅស៊ូ និង​កសិផល​ផ្សេងទៀត សរុប​កើនឡើង ១៤.៥%​។​

​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណូល​ពន្ធ​-​អាករ​គយ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ គឺ​ដោយសារ​កត្តា​មួយចំនួន ដែល​ក្នុងនោះ​កត្តា​សំខាន់​គឺ ការផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បានធ្វើឱ្យ ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​នាំចេញ​របស់​កម្ពុជា និង​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close