បង្ក្រាបទីតាំងលក់សំណាកសត្វព្រៃជិតផុតពូជ មានយីហោ «ជាង ចម្លាក់ព្រះម៉ែនាគ» ក្នុងខណ្ឌបឹងកេងកង

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបបទល្មើសសំណាកសត្វព្រៃជិតផុតពូជ នៅចំនុចហាងចម្លាក់យីហោ «ជាង ចម្លាក់ព្រះម៉ែនាគ» ក្នុងខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើនេះ យីហោឈ្មោះ «ជាង ចម្លាក់ព្រះម៉ែនាគ» ផ្ទះលេខ២៥០ ផ្លូវលេខ៣៧៦ ក្រុមទី១៣ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ព្រហ្ម រតនៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
ចំណែកវត្ថុតាងចាប់បាន៖ សំណាកភ្លុកដំរី ចំនួន៨ដុំ ស្មើនឹង០.៥៩០គីឡូក្រាម, សំណាកភ្លុកដំរីឆ្លាក់កែច្នៃ ចំនួន១៧ដុំ ស្មើនឹង០,១៧៦គីឡូក្រាម, ចែជ្រូកព្រៃ (ខ្នាយ) ស្រោបលោហៈ ចំនួន១២ដុំ, ចែជ្រូកព្រៃ ចំនួន១៦ដុំ, គល់ស្នែងប្រើសចំនួន១ដុំ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានដកហូតបណ្ដោះអាសន្នរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងអញ្ជើញម្ចាស់ទីតាំងទៅសាកសួរបំភ្លឺ នៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។