សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​បុរស​អូស្ត្រាលី​ម្នាក់ ហៅថា​ជា​ទេវតា​សន្តិភាព​លើដី​កម្ពុជា​

​ភ្នំពេញ​៖ លោក Cambell Peter Mark ជនជាតិ​អូស្ត្រាលី អាយុ ៦៤​ឆ្នាំ ដែល​ទើបតែ​ទទួលបាន​យុត្តិធម៌​ដ៏​ពេញចិត្ត​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី​៩ ខែ កក្កដា ឆ្នាំ ២០២០ កន្លងមក គឺ​ពេលនេះ ទទួលបាន​មហាលាភ​មួយ​ថែមទៀត​លើសពី​យុត្តិធម៌​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​សញ្ជាតិ​ខ្មែរ តាម​សញ្ជាតូបនីយកម្ម​។ លោក សន្តិភាព រំភើប​រីករាយ​យ៉ាងខ្លាំង​ជាមួយ​ទឹកភ្នែក​ដែល​មិន​នឹកស្មានថា សម្តេច​តេ​ជោ មាន​ក្តី​សណ្តោស​ប្រណី​ចំពោះ​រូបគាត់​យ៉ាងនេះ​។​

​ដោយសារ​ប្រទេស​កម្ពុជា ដែលជា​ប្រទេសមួយ​មាន​សន្តិភាព សុខ​សុវត្ថិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន លោក Peter មាន​មនោសញ្ចេតនា​ស្រលាញ់​ពេញចិត្ត​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​យ៉ាង​ជ្រាលជ្រៅ ហើយ​ចង់​បន្ត​រស់នៅក្នុង​ប្រទេស​នេះ​ជា​រៀង​រហូតដល់​នាទីចុងក្រោយ​នៃ​ជីវិត​ខ្លួន​។​

​ហេតុនេះហើយ ស្រប​ពេលដែល​គាត់​មានឱកាស​បាន​ជួប លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​គាត់​នៅ​កំពត​កាលពីពេល​ថ្មីៗ​នេះ លោក Peter ក៏បាន​គោរព​សំពះ​ស្នើសុំ សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ផ្តល់​សញ្ជាតិ​ខ្មែរ ជូន​គាត់​ដើម្បី​បន្ត​រស់នៅ​ជីវិតចុងក្រោយ​ក្នុងនាម​ជា​ខ្មែរ នឹងមាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ទិញដូរ​អចលនៈទ្រព្យ​មិន​អោយមាន​បញ្ហា​ដូច​ពេល​កន្លងទៅ​ដែល​គាត់​បាន​ជឿទុកចិត្ត​ទៅលើ​មិត្តស្រី​ខ្មែរ​គាត់​ម្នាក់​អោយ​ឈរឈ្មោះ​ទិញ​អ​ច​នល​ទ្រព្យ​មួយចំនួន​នៅ​ខេត្តកំពត ដែល​ចុងក្រោយ​គឺ​គាត់​បាន​ដង្ហោយ​សុំ​ការជួយ​សណ្តោស​ពិស​ម្តេច​តេ​ជោ​ទើបបាន​ទទួល​យុ​ត្តិ​ធ​ម៍​កន្លងទៅ​ថ្មីៗ​នេះ​។ គាត់​មិន​ចង់​ខុស ហើយក៏​មិន​ចង់អោយ​រឿង​បែបនេះ​កើ​តយ​ឡើង​សារជាថ្មី​ទៀតឡើយ​ចំពោះ​ខ្លួន​គាត់​។​

​បន្ទាប់ពី​បាន​ពិនិត្យ​របាយការណ៍​ស្នើសុំ​របស់ លោក ដួង តារា រួចហើយ សម្តេច​អគ្គមហាសេនា​បេតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មានការ​អាណិតអាសូរ លោក Peter យ៉ាងខ្លាំង ហើយ​ក៏បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ​នៃ​កម្ពុជា ដើម្បី​ស្នើសុំ​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​ដល់​លោក Peter ដែលមាន​ឈ្មោះ​ខ្មែរ​ថា សែន សន្តិភាព ( Sen Santepheap) ។ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ​បាន​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ​ប្រទាន​សញ្ជាតិ​ខ្មែរ​ជូន លោក Peter នៅ​ថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២០ កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក សែន សន្តិភាព ដែល​ពីមុន​ជា​ឈ្មោះ​នៃ​ក្តី​ស្រ​ម៉ៃ ប៉ុន្តែ​ពេលនេះ​សុ​បិ​ន្ដ​របស់គាត់​បានក្លាយ​ជាកា​រ​ពិត​ហើយ​។ លោក សែន សន្តិភាព រៀបរាប់​ដោយ​ក្តីរំភើប​ទាំង​ទឹកភ្នែក​រលីងរលោង​ថា «​ពិតជា​គ្រោះ​ក្លាយជា​លាភ​ធំ​មែន សុ​បិ​ន្ដ​របស់ខ្ញុំ​បាន​ក្លាយជា​ការពិតហើយ​» លោក​បន្ថែមថា សម្តេច ហ៊ុន សែន គឺ​ពិតជា​ទេវតា​រស់នៅ​លើដី​កម្ពុជា​យ៉ាងពិត​ប្រាកដ សម្តេច​តេ​ជោ​បាន​ជប់​រូបខ្ញុំ​អោយ​ក្លាយជា​ពលរដ្ឋ​ខ្មែរ ថ្មី​មួយរូប​នៅ​កម្ពុជា សម្តេច​មិន​ត្រឹមតែ​ជា​មេដឹកនាំ​ដ៏​ល្អ​នោះទេ តែ​ជា​ប្រមុខ​ការទូត​ដ៏​ឆ្នើម​មួយ​ដែល​បានធ្វើអោយ​ប្រទេស​កម្ពុជា​រីកចម្រើន​រុងរឿង​ថ្កើងថ្កាន​ទៅមុខ​ឥតឈប់ឈរ និង​មាន​ទំនាក់ទំនង​ការទូត​ល្អឥតខ្ចោះ​ជាមួយ​ប្រទេស​ជា​មិត្ត​។ សម្តេច​តេ​ជោ តែងតែមាន​ក្តី​ស្រឡាញ់ នឹង​គិតគូរ​ដ​ពី​សុខទុក្ខ​ប្រជា​ប្រពល​រដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ព្រមទាំង​សុខទុក្ខ​ជនបរទេស​ទាំងអស់​នៅ​កម្ពុជា​ផងដែរ ហើយ​ក្នុង​កំឡុង​កូ​វីដ​១៩​ទៅ​ថ្មីៗ​នេះ សម្តេច​តេ​ជោ​បាន​អនុញ្ញាតិ​អោយ​នាវា Westerdam ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ ដែល​បង្ហាញ​ពី​គុណ​ធ​ម៍​នឹង​ក្តី​ស្រឡាញ់​ដ៏​ធំធេង​បំផុត​ចំពោះ​មនុស្សជាតិ​ទូទៅ​ដោយ​គ្មាន​ការរើសអើង​”​។​

​លោក សែន សន្តិភាព បាន​សំពះ​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដែល​បានផ្តល់​ជីវិត​ថ្មី​ដល់​លោក​នៅលើ​ទឹកដី​កម្ពុជា ហើយ​លោក​បាន​ប្តេជ្ញា​ចូលរួម​របប​នយោបាយ​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​។ លោក សន្តិភាព ក៏បាន​អំពាវ​ដល់​អ្នកវិនិយោគ​គិ​ន​បរទេស​ទាំងអស់​មាន​ជំនឿ​ជឿជាក់​លើស​ម្តេច​តេ​ជោ ហើយ​វឹល​មក​វិនិយោគ​នៅ​កម្ពុជា​ដោយ​ទំនុកចិត្ត​កក់ក្តៅ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ដែល​បាន​ជួយ​ខ្នះខ្នែង​ក្នុងការ​ដោះស្រាយ​បញ្ចប់​វិវាទ​ក្តីក្តាំ​ដីធ្លី និង​ជួយ​ក្នុងការ​ស្នើ​សំ​សញ្ជាតិ​ជូន​រូបលោក​អោយមាន​ថ្ងៃនេះ​។​

​កាយវិការ​មនុស្សធម៌ ប្រកបដោយ​គុណ​ធ​ម៍ ក្តី​ស្រឡាញ់ និង​ក្នុង​ភាពជា​អ្នកដឹកនាំ​ល្អ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​ក្តី​ស្រឡាញ់ សីលធម៌ ប្រពៃណី​ទំនៀម​ទំលាប់​ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​កម្ពុជា ជាពិសេស​ស្តែង​អោយឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​អូស្ត្រាលី​។ លោកសន្តិភាព នឹង​ចងចាំ​នូវ​ការយកចិត្តទុកដាក់​ដ៏​ល្អ​បំផុត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន រហូត​អស់​មួយជីវិត​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close