ផ្ទះ​មនុស្សធម៌ ១​ខ្នង ត្រូវបាន​ប្រគល់ជូន​គ្រួសារ​ក្រីក្រ នៅ​ឃុំ​សំរោង​យា ស្រុក​ពួក​

​ខេត្តសៀមរាប​៖ កាលពី​រសៀល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រគល់​ផ្ទះ​មនុស្សធម៌ ១​ខ្នង ដែល​ផ្ដួចផ្ដើម​ដោយ​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដោយបាន​ការជួយឧបត្ថម្ភ​ពី ឧកញ៉ា ទៀ វិចិត្រ និង​លោក​ជំ​ទាំ​វ​។​

​ផ្ទះ​មនុស្សធម៌​នេះ មាន ៦​ម៉ែត្រ​x៦​ម៉ែត្រ មាន​ពី​បន្ទប់ ដំបូល​ប្រក់​ស័ង្កសី​ភ្លី​ក្បឿង ជញ្ជាំង​ស្មា​តបត ក្រាល​ការ៉ូ​ផុតពី​ដី​កម្ពស់​០,៤​ម៉ែត្រ សង់​លើដី​ផ្ទាល់ខ្លួន​គាត់​ទំហំ ៩​ម៉ែត​x១៤​ម៉ែត្រ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​លោក គី រី អាយុ​៦៥​ឆ្នាំ (​ពិការ​ជើងឆ្វេង​) និង​ភរិយា​ឈ្មោះ ញ៉ឹក ម៉ុ​ន អាយុ​៥៩​ឆ្នាំ មាន​សមាជិកគ្រួសារ​៩​នាក់ រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។ បច្ចុប្បន្ន​ដើរ​ស៊ីឈ្នួល​គេ គ្រាន់​បាន​ចំណូល​ខ្លះ​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

​ក្នុងឱកាស​នោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ដូចដែល​លើកឡើងថា “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​” ។

​សូមបញ្ជាក់ថា​ផ្ទះ​មនុស្សធម៌​នេះ​ជា​សមិទ្ធផល​ថ្មី​ទី​១ សម្រាប់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុង​អាណត្តិ​ទី​៥ និង​ជាម​ផ្ទះ​មនុស្សធម៌​ទី ៧៣ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុង​រយៈពេល​កន្លងមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close