របរ​ចិញ្ចឹម​កង្កែប​របស់​កសិករ សោម លី នៅ​ក្រុង​សួង អាច​រកចំណូលបាន ពី​២០០០​ទៅ​៣០០០​ដុល្លារ ក្នុង​១​ខែ

​ខេត្ត​ត្បូងឃ្មុំ​៖ ព្រឹក​នេះ ថ្ងៃទី​២០ កក្កដា​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ឯកឧត្តម ចង់​អញ្ជើញ​បងប្អូន​កសិករ ចុះ​ពិនិត្យមើល​បទពិសោធន៍​នៃ​ការ​ភ្ញាស់ និង​ចិញ្ចឹម​កង្កែប​របស់​កសិករ សោម លី នៅ​សង្កាត់​វិហារ​លួង ក្រុង​សួង​។​

​ឯកឧត្តម បញ្ជាក់ទៀតថា កសិករ​រូបនេះ បានចាប់ផ្តើម​រៀបចំ​អាង​ភ្ញាស់ និង​ចិញ្ចឹម​កង្កែប ពី​មាន​អាង​ចំនួន​៦ សម្រាប់​ដាក់​មេ​ពូជ​ញី ២០​ក្បាល ឈ្មោល ២០​ក្បាល នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ ហើយ​បាន​ពង្រីក​ចំនួន​អាង​តង់​ប្លា​ស្ទិ​ច​បាន ៥០​អាង មាន​មេ​ពូជ ៣៥០​ក្បាល និង​ឈ្មោល ៣៥០​ក្បាល​។ មកទល់​បច្ចុប្បន្ននេះ អាចមាន​លទ្ធភាព​លក់​កូន​កង្កែប​បាន​ចំនួន ៥០ ០០០​ក្បាល​។​

​ទន្ទឹមនឹងនេះ កសិករ​រូបនេះ បាន​ភ្ញាស់​កូន​កង្កែប (​កូន​ក្អុក​) បាន​ចំនួន ១០០ ០០០​ក្បាល ដែល​ទៀប​តែ​ញាស់​បាន​មួយថ្ងៃ នៅក្នុង​អាង​ចំនួន ៩​អាង​។ បច្ចុប្បន្ន​កូន​កង្កែប និង​កង្កែប​សាច់ កំពុងមាន​ទីផ្សារ​ល្អ​ណាស់ ដោយ​កូន​កង្កែប​មួយ​អាច​លក់បាន​តម្លៃ ៤០០​រៀល ទៅ​ឲ្យ​កសិករ​ចិញ្ចឹម​បន្ត​ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោ​ធ៍​សាត់ និង​ខេត្តព្រៃវែង​។

​ចំណែក​កង្កែប​សាច់ លក់​ទៅកាន់​ទីផ្សារ​តម្លៃ​ជា​មធ្យម ១០ ០០០​រៀល​/​គ​.​ក្រ អាច​ទទួលបាន​ចំណេញ​បាន​ចន្លោះ​ពី ២ ០០០-៣ ០០០​ដុល្លា​/​ខែ ហើយ​ក្នុង​រយៈពេល ៣-៤​ខែ​ខាងមុខនេះ គាត់​មាន​ផែនការ​ពង្រីក​បន្ថែម​លើ​ផ្ទៃដី​ចំនួន ២​ហិកតា​បន្ថែមទៀត​៕

  ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close